ខេត្តស្ទឹងត្រែង និងវឌ្ឍនភាពបច្ចុប្បន្ន (Video Inside)
ខេត្តស្ទឹងត្រែងដែលមានព្រំដែនជាប់នឹងប្រទេសឡាវ បានបង្គោលព្រំដែនទើបបាន៧៥ភាគរយទេ តាមបណ្តោយព្រំប្រទល់ដែនរួមប្រវែង២៥៧គីឡូម៉ែត្រ។
កម្ពុជា និងឡាវ ក្នុងក្របខណ្ឌទូទាំងប្រទេស មានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន១៤៥បង្គោល។ ប៉ុន្តែភាគីទាំងពីរ ទើបតែបានសម្រេចការបោះបង្គោលចំនួន ១២១បង្គោលតែប៉ុណ្ណោះ ដែលស្មើនឹង៨៦% ប៉ុន្តែបើគិតក្នុងក្របខណ្ឌ នៃព្រំដែនខេត្តស្ទឹងត្រែងដែលជាប់នឹងខេត្តចំប៉ាសាក់នោះវិញ, ខេត្តទាំង២ បានបោះបង្គោលព្រំដែនជាមួយគ្នា ទើបបាន៧៥ភាគរយតែប៉ុណ្ណោះ។
អភិបាលខេត្តស្ទឹងត្រែងលោក ស្វាយ សំអ៊ាង ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ ក្នុងទីស្តីការគណរដ្ឋមន្ត្រីបានបញ្ជាក់ជុំវិញការបោះបង្គោលព្រំដែន រវាងខេត្តស្ទឹងត្រែង របស់កម្ពុជា និងខេត្តចំប៉ាសាក់របស់ប្រទេសឡាវ។
លោកអភិបាលខេត្តបានថ្លែងថា នៅតាមបណ្តោយព្រំប្រទល់ដែនរួមរវាងខេត្តទាំង២កន្លងមកនេះ, ការធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែន នៅមិនទាន់បានសរុបប្រវែង២៥៧ គីឡូម៉ែត្រនោះឡើយ។ លោកបានថ្លែងទៀតថា ការធ្វើផ្លូវតាមបណ្តោយខ្សែក្រវាត់ព្រំដែននោះ បានផ្អាកកាលពីដើមឆ្នាំ២០២៣នេះ។
ខេត្តស្ទឹងត្រែង នៃតំបន់ត្រីកោណអភិវឌ្ឍន៍ភាគឥសានប្រទេស គឺជាខេត្តដែលមានចម្ងាយ ៤៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញខេត្ត។ ខេត្តដែលមានចំនួន៦ក្រុង និងស្រុក មានប្រជាជនរស់នៅចំនួន១៧ម៉ឺន ១ពាន់ ២០៧នាក់ ដែលពលរដ្ឋមានជីវភាពរស់នៅចិញ្ចឹមជីវិតដោយផ្អែកលើវិស័យកសិកម្ម, ដំណាំកសិឧស្សាហកម្ម, ដំណាំរួមផ្សំ និងការនេសាទជាដើម។ ក្រៅពីវិស័យកសិកម្ម, ខេត្តក៏មានវិស័យពាណិជ្ជកម្មឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងបុគ្គលិក នៃគ្រឹះស្ថាន អង្គភាពផ្នែកឯកជន និងជាមន្ត្រីរាជការសាធារណៈ។
ខេត្តស្ទឹងត្រែង មានទំនប់វារីអគ្គិសនីមួយកន្លែង ដែលមានអនុភាព៤០០មេហ្គាវ៉ាត់ និងជាខេត្តដែលមានវិស័យរ៉ែធម្មជាតិតិចតួចរបស់ខ្លួនផងដែរ ប៉ុន្តែមិនទាន់មានការធ្វើអាជីវកម្មនៅឡើយទេ។
យោងតាមរបាយការណ៍, ខេត្តស្ទឹងត្រែងមានកំណើនផលិតផលក្នុងស្រុក GDP សម្រាប់មនុស្សម្នាក់ បានកើនឡើងពី១ពាន់ ៤២៣ដុល្លារ ក្នុងឆ្នាំ២០១៨ ដល់១ពាន់ ៥៨៥ដុល្លារ ក្នុងឆ្នាំ២០២៣។