សម្តេចតេជោ ហ៊ុន សែន៖ ដាំដើមឈើ ត្រូវការ ៤-៥ឆ្នាំបានផ្លែ ប៉ុន្ដែដាំមនុស្ស គឺត្រូវការពេលច្រើន និងត្រូវការកាវិនិយោគច្រើនបន្ថែមទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ដាំដើមឈើ ត្រូវការ ៤-៥ឆ្នាំបានផ្លែ ប៉ុន្ដែដាំមនុស្ស គឺត្រូវការពេលច្រើន និងត្រូវការកាវិនិយោគច្រើនបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្តគ្រូបង្រៀនដូច្នេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យនៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ បានបញ្ជាក់ថា ដាំមនុស្ស គឺត្រូវការរយៈពេល។ សម្រាប់កម្រិតចំណេះដឹងទូទៅមធ្យមសិក្សាត្រូវការ ១២ឆ្នាំ, កម្រិតបរិញ្ញាបត្រ ត្រូវការពេល ៤ឆ្នាំទៀត, បរិញ្ញាបត្រជាន់ខ្ពស់ត្រូវការពេល ២ឆ្នាំទៀត និងថ្នាក់បណ្ឌិតត្រូវការច្រើនឆ្នាំថែមទៀត ក្នុងនោះ សូម្បីតែឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រើពេល ៤ឆ្នាំដើម្បីរៀនថ្នាក់បណ្ឌិត ។
សម្តេច បន្ថែមថា ដាំដើមឈើយើងត្រូវការ ៤-៥ ឆ្នាំបានផ្លែ ប៉ុន្ដែដាំមនុស្ស គឺត្រូវការពេលច្រើន និងត្រូវការកាវិនិយោគជាច្រើនបន្ថែមទៀត។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា មានកំណើនប្រជាពលរដ្ឋជាង៣០ម៉ឺននាក់ក្នុង១ឆ្នាំ។ សម្ដេចថា កាលពីរំដោះឆ្នាំ ១៩៧៩ កម្ពុជា មានប្រជាពលរដ្ឋតែជាង៥លាននាក់ ប៉ុន្ដែមកដល់ពេលនេះ គឺមានរហូតដល់ ១៧លាននាក់ ដូច្នេះតាមរយៈកំណើនប្រជាជន គឺត្រូវកសាងសាលារៀនបន្ថែមរឹតតែច្រើនដែរ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



