សហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័ររួមគ្នាបណ្តុះកូនក្រវាញដើម្បីបង្កើនពូជ និងបង្កើនទិន្នផលក្រវាញសម្រាប់ទុកធ្វើជាអាហារលក់ដល់ភ្ញៀវទេសចរ
ពោធិ៍សាត់៖ ដើម្បីថែរក្សា ពូជ ក្រវាញព្រៃ ប្រចាំតំបន់សហគមន៍របស់ខ្លួនឱ្យមានចំនួនកាន់តែច្រើន និងពិសេសអាចផ្គត់ផ្គង់ផ្នែកអាហារក្រវាញដែលល្បីថាមានរស់ជាតិឆ្ងាញ់ពិសារ ទៅតាមតម្រូវការ របស់ភ្ញៀវទេសចរកាន់តែច្រើនឡើងនោះក្រុមប្រជា សហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានរួមគ្នាបណ្តុះកូនក្រវាញកើនឡើងជាបន្តបន្ទាប់រយៈប៉ុន្មានខែចុងក្រោយនេះ។
កូនក្រវាញដែលគេបានបណ្តុះដោយបានដកហូតពីកណ្តៀងក្រវាញក្នុងព្រៃប្រចាំសហគមន៍ រយៈពេលជិត ៤ខែមកនេះ បានដុះលូតលាស់ល្អដែលអាចនឹងធ្វើការចែកចាយសម្រាប់ដាំក្នុងសហគមន៍ និងមួយផ្នែកសម្រាប់ផ្គត់ផ្គង់ទៅកាន់តំបន់ផ្សេងៗទៀតផងដែរ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទំព័រ ស្ថិតនៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រកបមុខរបរកសិកម្ម និង បម្រើលើវិស័យទេសចរណ៍ ។ មានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះដែលធ្វើចំណាកស្រុកទៅប្រកបការងារតំបន់ផ្សេង ។
លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ បានបញ្ជាក់ថា ប្រជាសហគមន៍នៅទីនេះភាគច្រើនប្រកបរបរកសិកម្ម ក្នុងនេះដូចជាការដាំបន្លែ ការចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាព ។ ក្រៅពីនេះពួកគាត់រកអនុផលព្រៃឈើដូចជា រកផ្សិត ទឹកឃ្មុំ និងដកហូតក្រវាញមួយចំនួនសម្រាប់ធ្វើម្ហូបដល់ភ្ញៀវទេសចរ ។
ប្រធានសហគមន៍រូបនេះ បន្តថា ក្នុងការបណ្តុះ ២វគ្គកន្លងមក ពោលគឺចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចំនួនកូនក្រវាញសរុប ៦៨០០កូនហើយ។ លោកសង្ឃឹមថា តាមរយៈការបណ្តុះកូនក្រវាញនេះ និងការចែកចាយសម្រាប់ការយកទៅដាំនៅថ្ងៃខាងមុខនឹងទទួលលទ្ធផលល្អពុំខាន។ ជាមួយគ្នាលោកនឹងជំរុញដល់ប្រជាសហគមន៍ក្នុងការដាំក្រវាញឱ្យកាន់តែច្រើនដើម្បីបង្កើនចំនួនពូជក្រវាញក្នុងតំបន់សហគមន៍ និងពិសេសជាងនេះគឺការផ្គត់ផ្គង់អាហារក្រវាញប្រចាំសហគមន៍របស់លោកកាន់តែសម្បូរបែបថែមទៀត។
លោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ការបណ្តុះកូនក្រវាញនៅ សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រនេះទទួលបានការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន លើកិច្ចការងារមួយចំនួនរាប់ចាប់ពីការគាំទ្រដំណើរការនៃការរៀបចំឡើងវិញតំបន់ការពារធម្មជាតិ ការរៀបចំស្តារដាំរុក្ខជាតិក្រវាញឡើងវិញជាដើម។ លោកបានបញ្ជាក់បន្ថែមថា សហគមន៍ចំនួន ១៣សហគមន៍ បានពង្រីកការដាំរុក្ខជាតិនេះ ។ វាជាពូជក្រវាញពីធម្មជាតិដែលដុះតាមព្រៃភ្នំ និង ជួរភ្នំក្រវាញ ។
អ្នកស្រី ហេង ស៊ីថុល ជាស្រ្តីគំរូដែលរស់នៅភូមិទំព័រ ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់បានឱ្យដឹងថាតាមគម្រោងដាំកូនក្រវាញនេះចំនួន ១៦០០០ដើម ហើយបច្ចុប្បន្នសហគមន៍ទើបដាំបានជាង៦ពាន់ដើមទេ ។ សម្រាប់ការដាំកូនក្រវាញនេះអ្នកស្រីសាកល្បងរួចហើយឃើញថាបានផលជាបណ្តើរៗហើយ និងរង់ចាំទទួលផលខាងមុខ ។
គួរបញ្ជាក់ថា ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងភ្នំសំកុស ។ ជាមួយគ្នាកណ្តៀងក្រវាញគេប្រើសម្រាប់ប្រើប្រាស់ជាបន្លែ គេអាចយកទៅស្ងោរ ប្រើជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ។ កណ្តៀងក្រវាញមានរស់ជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ សហគមន៍ប្រមូលកណ្តៀងក្រវាញនៅក្នុងខែមេសា-តុលា ។ ក្រវាញមិនត្រឹមតែយកធ្វើម្ហូបមានរសជាតិឆ្ងាញ់ប្លែកទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ដូចជាឱសថ ព្រោះពេលទទួលទានហើយ គឺដើរខ្យល់ស្រួល និងបែកញើសស្រួលខ្លួន ៕
អត្ថបទ៖លោកជិនម៉ាដេប៉ូ
រូបភាព៖លោក រិន រចនា




