សម្តេចតេជោ ហ៊ុន សែន ៖ យើងបាននិងកំពុងពង្រឹងនូវស្ថានភាពអ៊ិនធើណេតនៅក្នុងប្រទេស ឱ្យមានល្បឿនកាន់តែលឿន ហើយមានស្ថិរភាព និងដាក់ពង្រាយចែកចាយទៅច្រើនតំបន់

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា យើងបាននិងកំពុងពង្រឹងនូវស្ថានភាពអ៊ិនធើណេតនៅក្នុងប្រទេស ឱ្យមានល្បឿនកាន់តែលឿន ហើយមានស្ថិរភាព ។ សម្ដេច ក៏បានជំរុញឱ្យបណ្តាញចែកចាយប្រព័ន្ធអ៊ិនធើណេត នៅកម្ពុជា កាន់តែមានទំហំធំ ព្រោះការងារមួយចំនួនទាំងកម្រិតរាជរដ្ឋាភិបាល វិស័យឯកជន និងសាធារណជនទូទៅ សុទ្ធតែប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត សម្រាប់បំពេញកិច្ចការ និងទំនាក់ទំនងប្រចាំថ្ងៃ ។

សម្តេចតេជោ បានបន្តថា ការពង្រឹងសេវាទូរស័ព្ទ និង អ៊ិនធើណេត ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅតាមបណ្តាខេត្តនានា គឺស្របពេលដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលមានប្រតិភូកីឡា និងភ្ញៀវទេសចរអន្តរជាតិចូលក្នុងប្រទេសច្រើន។

សម្តេចថា៖ យើងបាននិងកំពុងពង្រឹងនូវស្ថានភាព អ៊ិនធើណេតនៅក្នុងប្រទេសរបស់យើង ឱ្យមានល្បឿនកាន់តែលឿន ហើយមានស្ថិរភាព និងដាក់ពង្រាយចែកចាយទៅច្រើនតំបន់។ ឥឡូវនេះ ស៊ីហ្គេមជិតមកដល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពង្រីងសមត្ថភាព ប្រព័ន្ធអ៊ិនធើណេត នៅតំបន់ផ្សព្វផ្សាយ។

សូមជម្រាបថា តាមស្ថិតិពីនិយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ចំនួនអ្នកប្រើអ៊ីនធើណេតចល័ត និងអចល័ត មាន ១៧,២នាក់ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ កើនឡើងទ្វេដង ធៀបនឹងឆ្នាំ២០១៦ ដែលមានអ្នកប្រើតែជាង ៨លាននាក់។ ចំណែក អ្នកប្រើទូរស័ព្ទចល័ត មានចំនួន ១៩,៤លាននាក់។ បច្ចុប្បន្ន ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទ មានចំនួន ៥ ដូចជា៖ Cellcard, Smart, Viettel, Cootel និង SeaTel និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណេត ចំនួន ៣៨ ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner