ឥណ្ឌូណេស៊ី​ជួបគ្រោះ​ការ​រញ្ជួយ​ដី​កម្រិត ៧,៣ រ៉ិចទ័រ ព្រមទាំងប្រឈមនឹង​រលក​យក្ស​ស៊ូណាមិ

ហ្សាការតា៖​ អាជ្ញាធរជំនាញរបស់ឥណ្ឌូណេស៊ី (BMKG) លើកឡើងថា ប្រទេសនេះជួបគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ។ រញ្ជួយដីនោះ បានវាយប្រហារនៅភាគខាងលិចកោះស៊ូម៉ាត្រានៅថ្ងៃអង្គារ ២៥ ខែមេសា ដោយអាជ្ញាធរថែមទាំងបានព្រមានអំពីរលកយក្សស៊ូណាមិទៀតផង។អាជ្ញាធរមូលដ្ឋាន ណែនាំភ្លាមៗដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ឱ្យផ្លាស់ទីឆ្ងាយពីច្រាំងសមុទ្រទៅកាន់ទីកន្លែងសុវត្ថិភាព។

មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានព្យាករណ៍ថា ការរញ្ជួយដីនៅឥណ្ឌូនេស៊ីលើកនេះក្នុងកម្រិត ៦.៩រ៉ិចទ័រ។ ការរញ្ជួយដីនេះស្ថិតនៅជម្រៅ84 គីឡូម៉ែត្រ  ដោយរំញ័រនៅម៉ោង៣ទៀបភ្លឺម៉ោងនៅឥណ្ឌូនេស៊ី។ 

សារព័ត៌មានCNAបានស្រង់ប្រសាសន៍អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ីលោក Abdul Muhari ដែលបាននិយាយថា អាជ្ញាធរកំពុងប្រមូលទិន្នន័យពីកោះដែលប្រឈមនឹងគ្រោះរញ្ជួយដីលើកនេះ។លោក Abdul ជាអ្នករស់នៅក្នុងទីក្រុង Padang បានបន្ថែមថា នៅទីក្រុង Padangដែលស្ថិភាគខាងលិចនៃកោះស៊ូម៉ាត្រានោះ គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង បង្ខំឱ្យមនុស្សម្នារត់គេចពីតំបន់ឆ្នេរ។

លោកបញ្ជាក់៖« មនុស្សម្នាបានចាកចេញពីផ្ទះរបស់ពួកគេ។ អ្នកខ្លះភ័យស្លន់ស្លោ ប៉ុន្តែមិនមានភាពចលាចលឡើយ​។ បច្ចុប្បន្ននេះ ពួកគេមួយចំនួនកំពុងជម្លៀសចេញពីសមុទ្រ»។ទោះជាយ៉ាងណាលោកមិនទាន់អាចអត្ថាធិប្បាយអំពីទំហំនៃការខូចខាតនៅឡើយទេ។

ខ្សែ​វីដេអូ​ព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​អ្នក​ស្រុក Padang មួយ​ចំនួនបានជិះ​ម៉ូតូ​និង​ថ្មើរ​ជើងរត់គេច​ទៅ​កាន់​ទីទួល​ខ្ពស់​។ អ្នក​ខ្លះ​កាន់​កាបូប​ស្ពាយ ខណៈ​អ្នក​ខ្លះ​ទៀត​អង្គុយ​ជាមួយ​គ្នា​ក្រោម​ឆ័ត្រ​ទប់​នឹង​ភ្លៀង។

ប្រទេសឥណ្ឌូណេស៊ីទទួលរងការរញ្ជួយដីជាញឹកញាប់។ប្រជុំកោះនេះស្ថិតនៅលើបន្ទាត់ Paci​fic Ring of Fire ដែលជាតំបន់ប្រឈមខ្លាំងនឹងគ្រោះរញ្ជួយដី៕

វណ្ណ ស័ក្ដិ

ads banner