ឡាវប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់
វៀងចន្ទន៍៖ ក្រសួងសុខាភិបាលឡាវបានរៀបចំផែនការកាត់បន្ថយករណីឆ្លងជំងឺគ្រុនចាញ់ ក្នុងគោលបំណងលុបបំបាត់ជំងឺនេះទាំងស្រុងនៅក្នុងប្រទេសឡាវ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាព ក្រោមក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

របាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាព ក្រោមក្រសួងសុខាភិបាលឡាវ បានឱ្យដឹងថា តំបន់មួយចំនួននៅក្នុងប្រទេសឡាវនៅតែជួបប្រទះនូវអត្រាឆ្លងជំងឺគ្រុនចាញ់ខ្ពស់ ដោយករណីឆ្លងភាគច្រើនកើតឡើងនៅភាគខាងត្បូងនៃប្រទេសឡាវ ដូច្នេះចាំបាច់ត្រូវផ្តោតលើតំបន់ទាំងនេះ នៅពេលពួកយើងព្យាយាមកាត់បន្ថយករណីឆ្លងជំងឺមួយនេះ។

ទន្ទឹមគ្នា នៅមានរឿងច្រើនទៀតដែលត្រូវធ្វើ ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅក្នុងប្រទេសឡាវ។ ក្រសួងសុខាភិបាលឡាវបានសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើតផែនការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលត្រូវបានអនុវត្តនៅក្នុងភូមិចំនួន ៦០ នៃស្រុកចំនួន ៧ ក្នុងខេត្តចំនួន ៥ ក្នុងឆ្នាំ២០២២។

ទន្ទឹមគ្នា ក្រសួង និងដៃគូរបស់ខ្លួនក៏បាននិងកំពុងបន្តស្វែងរកការគាំទ្របន្ថែមទៀតពីអាជ្ញាធរ, អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងសកម្មភាពតាមដានត្រួតពិនិត្យជំងឺគ្រុនចាញ់ ដែលនឹងត្រូវអនុវត្តនៅក្នុងខេត្តសាវ៉ាន់ណាខេត និង អាតាពើ ភាគខាងត្បូងនៃប្រទេសឡាវ។
ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរនឹងដំណើរការយុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តការស្ទង់មតិ។ អាជ្ញាធរក៏នឹងចែកចាយថ្នាំនៅតាមភូមិគោលដៅ និងធ្វើឱ្យប្រាកដថា ថ្នាំបង្ការមានសម្រាប់ប្រជាជនទូទៅ។ បន្ថែមលើនេះ អាជ្ញាធរនឹងលើកទឹកចិត្តប្រជាជនឱ្យប្រើថ្នាំ ដើម្បីការពារការឆ្លង ហើយអ្នកដែលកើតជំងឺគ្រុនក្តៅនឹងត្រូវពិនិត្យរៀងរាល់ពីរសប្តាហ៍ម្តង។

សូមរម្លឹកថា នៅឆ្នាំ២០២២ ករណីឆ្លងជំងឺគ្រុនចាញ់ត្រូវបានរកឃើញនៅក្នុងស្រុកចំនួន ៣៨ ក្នុងចំណោមស្រុកសរុបចំនួន ១៤៨។ ករណីឆ្លងភាគច្រើនត្រូវបានបញ្ជាក់ពីគ្រឹះស្ថានសុខាភិបាលចំនួន ៨៨ ក្នុងចំណោមគ្រឹះស្ថានសុខាភិបាលចំនួន ១.២៤៤ នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា