ក្រុមហ៊ុន ispace របស់ជប៉ុនបរាជ័យ ក្នុងការបញ្ជូនយានអវកាសទៅកាន់ផ្ទៃព្រះចន្ទ
តូក្យូ៖ ក្រុមហ៊ុន ispace ដែលប៉ុនប៉ងក្លាយជាក្រុមហ៊ុនឯកជនដំបូងគេបង្អស់របស់ប្រទេសជប៉ុន ក្នុងការបញ្ជូនយានអវកាសទៅចុះចតនៅលើផ្ទៃព្រះចន្ទ បានទទួលការបរាជ័យ ប៉ុន្តែបានសន្យាថា នឹងបន្តបេសកកម្មថ្មីៗបន្ថែមទៀត។
យានអវកាស Hakuto-R Mission 1 របស់ក្រុមហ៊ុន ispace គ្រោងនឹងចុះចតលើផ្ទៃព្រះចន្ទ ប៉ុន្តែជារឿងគួរអោយសោកស្តាយ បន្ទាប់ពីចុះចតបានប្រហែល២៥នាទី យានអវកាសនេះបានដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន។

យានរ៉ូបូតរបស់ក្រុមហ៊ុន ispace ដែលមានកម្ពស់ជាង២ម៉ែត្រ និងទម្ងន់៣៤០គីឡូក្រាម បានគោចរនៅជុំវិញព្រះចន្ទ ចាប់តាំងពីខែមីនាមក។ យានអវកាសនេះត្រូវបានបញ្ជូនចេញពីផែនដី កាលពីខែធ្នូ ឆ្នាំ២០២២ តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX។

រហូតមកទល់សព្វថ្ងៃនេះ មានតែប្រទេសចំនួន៣ប៉ុណ្ណោះ គឺសហរដ្ឋអាមេរិក រុស្ស៉ី និងចិន ដែលបាននាំយកយានរ៉ូបូតទៅដល់ផ្ទៃព្រះចន្ទដោយជោគជ័យ ប៉ុន្តែសុទ្ធតែតាមរយៈកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលទាំងអស់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា