សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការចូលរួមរបស់បងប្អូនខ្មែរ-ឥស្លាម ក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជាប្រមាណ ៣,៥៤០នាក់ ដែលធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យនៃខែរ៉ាម៉ាដន របស់បងប្អូនខ្មែ-ឥស្លាម កន្លងទៅថ្មីៗនេះ។ សម្តេចក៏បានថ្លែងនូវការកោតសរសើរចំពោះការចូលរួមរបស់បងប្អូនខ្មែរ-ឥស្លាម ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងអរគុណដល់បងប្អូនខ្មែរ-ឥស្លាម ដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានភាគរយច្រើនលើលប់ ហើយការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានេះ គឺជាការចូលរួមរក្សាបាននូវសេចក្តីសុខ និងសុខសន្តិភាពរបស់ជាតិយើងទាំងមូល។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជាយើង។ សម្តេចបន្តថា វិធានការណ៍នៃការចាក់ស្រោចវ៉ាក់សាំង គឺជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងកូវីដ១៩ រួមជាមួយនឹងការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសម្តេច ក៏បានអរគុណដល់ប្រទេសដៃគូរទាំងអស់ ដែលបានផ្តល់វ៉ាក់សាំងមកកម្ពុជា ជាពិសេសប្រទេសចិន បាមផ្តល់ច្រើនជាងគេ ទាំងការផ្តល់ជំនួយនិងការបញ្ជារទិញរបស់កម្ពុជា។ សម្តេចបន្តថា ការយកឈ្នះលើកូវីដ១៩ គឺបានផ្តល់ឱកាសអោយយើងគ្រប់គ្នាបានជួបជុំគ្នាឡើងវិញ ជាពិសេសក្នុងពិធីស្រាយបួសកន្លងទៅនេះ យើងបានជួបជុំគ្នារហូតដល់ជាង៦ពាន់នាក់ ហើយក៏អនុញ្ញាតអោយយើងបើកដំណើរការប្រទេសជាតិជាប្រក្រតីភាពឡើងវិញផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងដោយក្តីមោទនភាព នៃភាពជោគជ័យក្នុងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះ ក្នុងនោះ ឯកសារជាង១០០ឯកសារ ត្រូវបានចេញសេចក្តីប្រកាស ដោយមិនមានឯកសារណាមួយរាំងស្ទះឡើយ។

ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ សម្តេចតេជោ សុំយកឱកាសនេះ រំលឹកបន្ថែមសារជាថ្មី ដល់បណ្តារាជធានី-ខេត្តនានា ត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់អោយបានច្រើនកន្លែង ទាំងក្រុង និងខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកស្នេហាវិស័យកីឡាបានតាមដានទស្សនា នៅនឹងទីតាំងសំខាន់ៗទាំងអស់នោះ ជៀសវាងការសម្រុកមកទស្សនានៅពហុកីឡដ្ឋានជាតិ ដែលមានមនុស្សច្រើនកុះករនោះ។ សម្តេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅមើលផ្ទាល់សូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការប្រជ្រៀតគ្នា ដែលបង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវអោយចូលរួមថែរក្សាសន្តិភាពអោយបានគង់វង់បន្តទៀត មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ជាមួយគ្នានោះ សម្តេចក៏សុំអោយចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងត្រូវចូលរួមទប់ស្កាត់អតិផណាអោយបាន។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន។ សម្តេចតេជោក៏អំពាវនាវអោយមានការចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយបានខ្ចាប់ខ្ជួន ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។

សម្តេចតេជោបានបន្តទៀតថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់ ដូច្នេះសម្ដេចតេជោសូមអោយធ្វើយ៉ាងណា ឲ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយសេរី និងយុត្តិធម៌ ពោលគឺត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner