កម្ពុជាស្នើចិនជម្រុញជើងហោះហើរត្រង់ ដល់៣០០ជើងក្នុងមួយសប្តាហ៍ (Video Inside)
កម្ពុជាបានស្នើចិនជំរុញជើងហោះហើរត្រង់រវាងប្រទេសទាំង២ ឱ្យបានយ៉ាងហោច ៣០០ជើង ក្នុងមួយសប្តាហ៍ ខណៈប្រទេសទាំង២ បានដកចេញនូវបំរាមហាមឃាត់កូវីដ១៩ អស់ទាំងស្រុងហើយ។
ការស្នើនេះបានធ្វើឡើងដោយរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បណ្ឌិត ម៉ៅ ហាវណ្ណាល់ កាលពីថ្ងៃទី២៥ មេសា ក្នុងឱកាសជួបប្រធានរដ្ឋបាល អាកាសចរស៊ីវិលចិនលោក សុង ហ្ស៊ីយ៉ុង Song Zhiyong ក្នុងដំណើរទស្សនកិច្ចមួយ នារដ្ឋធានីប៉េកាំង នៃប្រទេសចិន។
គួរបញ្ជាក់ថាមុនដំណាក់កាលឆ្លងកូវីដ១៩, ជើងហោះហើរត្រង់ របស់ប្រទេសចិន មកកម្ពុជាមានចំនួន៤០០ជើង ប៉ុន្តែក្រោយការមានជម្ងឺរាតត្បាតជាសកលនោះមក, ជើងហោះហើរបានធ្លាក់ក្នុងកម្រិតសូន្យ…ប៉ុន្តែបានកើនមកវិញដល់ ១០០ជើង ក្នុងមួយសប្តាហ៍ ក្រោយពេលដែលប្រទេសទាំង២ មានលទ្ធភាពគ្រប់គ្រងលើជម្ងឺឆ្លងទាំងនេះបាន។
បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើដល់ភាគីចិន ជួយជំរុញការផ្តល់អាទិភាព ក្នុងការបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ ឱ្យបានយ៉ាងហោច ៣០០ជើងមកវិញ ក្នុងមួយសប្តាហ៍ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។
បច្ចុប្បន្នក្នុងដំណើរហោះហើរប្រមាណ ១០០ជើង ក្នុងមួយសប្តាហ៍នោះ រួមមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ ក្នុងនោះ ៣ក្រុមហ៊ុន បានហោះហើរពីកម្ពុជា…ចំណែក៨ក្រុមហ៊ុនទៀត មកពីប្រទេសចិន។