ផលិតផលខ្មែរ ៧មុខ ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព (Video Inside)

ផលិតផលខ្មែរ ៧មុខ ត្រូវបានក្រសួងពាណិជ្ជកម្ម សម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព។ ពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់នេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែលក្រសួងពាណិជ្ជកម្ម រៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលខ្មែរឱ្យបានទូលំទូលាយ។

ផលិតផលទាំង៧មុខនោះ រួមមានអំបិលកំពតកែប, ទឹកត្រីកំពតកែប, បង្កងតាកែវ ដូងខ្ទិះបាត់ដំបង, នំបញ្ចុកសៀមរាប, ក្រូចថ្លុងកោះពីរ និងអំបុកកំពង់ធំ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព ដល់ផលិតផលទាំងនេះ គឺជាទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរ នៅក្នុងទីផ្សារក្នុងស្រុក និងការនាំចេញ។

ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មលោក សួន វិជ្ជា បានថ្លែងថា ភាពជោគជ័យនៅក្នុងការកសាងម៉ាកសម្គាលភូមិសាស្រ្តទំនិញ ម៉ាកសមូហភាពនាពេលកន្លងមក បានធ្វើឱ្យផលិតផលកម្ពុជាជាច្រើន បានឈានចូលទៅក្នុងទីផ្សារបរទេស និងមានឈ្មោះល្បីជាខ្លាំង ដូចជាម្រេចកំពត គុយទាវភ្នំពេញ និងស្ករត្នោតកំពង់ស្ពឺ។

លោកបានថ្លែងទៀតថា ផលិតផលទាំងនេះ មិនត្រឹមតែទទួលបានតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាផលិតផល ដែលរួមចំណែកផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍របស់ខេត្ត វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ប្រវត្តិសាស្រ្ត របស់ប្រជាពលរដ្ឋកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។

ads banner