បោះជំរុំហ្វឹកហាត់ នៅសៀមរាប គោលដៅចង់ឲ្យកីឡាករការិនីរួមស្មារតីតែមួយឆ្ពោះទៅរកជ័យជំនះស៊ីហ្គេមលើកទី៣២
ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងនៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៣នេះថា កក្តាដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានដឹកនាំកីឡាករកីឡាការិនីជម្រើសជាតិមកបោះជំរុំហ្វឹកហាត់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប រយៈពេល៤ថ្ងៃមុននឹងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចូលមកដល់នេះ គឺមានគោលដៅចង់ឲ្យកីឡាករកីឡាការនីនៅក្នុងស្រុក និងកីឡាករកីឡាការិនីឈាមជ័យកូនខ្មែរនៅក្រៅប្រទេសបានយល់ចិត្តគ្នានិងក្លាយជាខ្លួនតែមួយរួមស្មារតីតែមួយ ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ស្មារតីស៊ីហ្គេមមិនមែនជារឿងសាមញ្ញនោះទេ ព្រោះជាការប្រកួតតំណាងប្រទេស។ ដូចច្នោះកីឡាករកីឡាការិនីទាំងអស់ត្រូវមានសាមគ្គីភាព ចេះស្រលាញ់រួមគ្នា ព្រោះការប្រកួតក៏មានវិញ្ញាសាជាក្រុមសម្រាប់ប្រកួតប្រជែងដណ្តើមមេដាយផងដែរ។
សូមបញ្ជាក់ថា កម្មវិធីបោះជំរុំនេះមានរយៈពេល៤ថ្ងៃ ក្នុងនោះសហព័ន្ធបានធ្វើតេសសម្ថភាពទៅលើកីឡាករកីឡាការិនី ដើម្បីធ្វើការជម្រុះចេញកីឡាករដែលសហព័ន្ធមើលឃើញថា សមត្ថភាពមិនទាន់គ្រប់គ្រាន់ ដោយចំរាញ់យកកីឡាករសមត្ថភាព៥រូប និងកីឡាការិនី៥រូបប៉ុណ្ណោះចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ជាវ ចន្ធូ




