រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមនឹងមន្ត្រីក្រោមឱវាទ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងមន្ដ្រីក្រោមឱវាទនៃក្រសួងជិត៤០០នាក់ បានចូលរួមពិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» ដែលរៀបចំឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងជាពិសេសបងប្អូនយុវជនដែលមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមដល់អ្នកត្រូវការឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សជាតិ។ បន្ថែមពីនេះ ឯកឧត្តម ឌិត ទីណា ស្នើទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម គួរផ្តល់មេដាយសម្រាប់អ្នកផ្តល់ឈាមចាប់ពី៥ដងឡើងទៅ និងត្រូវមានការយកចិត្តទុកដាក់ពីវិស័យ ឯកជនផងដែរ។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងនៅក្នុងពិធីបរិច្ចាគឈាមដែរថា ការលះបង់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត ដែលបានចូលរួមបរិច្ចាគឈាម មានសារៈសំខាន់ណាស់សម្រាប់សង្គ្រោះអាយុជីវិតមនុស្សជាតិដែលត្រូវការឈាម។ ករណីនេះ លោក អំពាវនាវ ឱ្យមានការចូលរួមនូវយុទ្ធនាការផ្សេងៗនៅថ្ងៃខាងមុខ។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ការបរិច្ចាគឈាមដោយមិនគិតកម្រៃ គឺជាវប្បធម៌មនុស្សជាតិ និងមនុស្សធម៌នៅក្នុងសង្គមជាតិ ដោយផ្សារភ្ជាប់នឹងការមិនរើសអើងពូជសាសន៍ និងសាសនា។ បន្ថែមពីនេះ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ដោយមានតែឈាមមួយគត់ មិនមានរោងចក្រឱសថណាផលិតបាននោះឡើយ។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ ២០២២ កម្ពុជាត្រូវការឈាមមួយប្លោកជួយសង្គ្រោះជីវិតរៀងរាល់៦នាទី ម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបជាង ២៥០ ប្លោកនៅរាជធានីភ្នំពេញ និង១០ម៉ឺនប្លោក នៅទូទាំងប្រទេស។ យោងទៅតាមទិន្នន័យអង្គការសុខភាពពិភពលោក ការទទួលឈាមតាមរយៈមនុស្សធម៌ដោយមិនគិតកម្រៃ ឆ្លើយតបប្រហែល ១០% នៃប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមស័្មគ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner