កប៉ាល់ដឹកជនភៀសខ្លួនចំនួន ១ ៦៨៧ នាក់ចេញពីសង្គ្រាមនៅស៊ូដង់ ទៅដល់អារ៉ាប៊ីសាអូឌីតហើយ

ស៊ូដង់៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កប៉ាល់ដឹកប្រជាជនស៊ីវិលចំនួន ១.៦៨៧ នាក់មកពីជាង ៥០ ប្រទេសដែលកំពុងភៀសខ្លួនចេញពីសង្គ្រាមនៅប្រទេសស៊ូដង់ បានចូលចតក្នុងកំពង់ផែប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ។នេះគឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការជម្លៀសក្នុងទ្រង់ទ្រាយធំបំផុតមួយដែលបានរៀបចំសម្រួលដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ចាប់តាំងពីផ្ទុះការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ដែលជាប្រទេសដ៏ធំបំផុតលំដាប់ទីបីប្រចាំនៅទ្វីបអាហ្រ្វ៊ិកកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣  អារ៉ាប៊ីសាអូឌីត បានទទួលការជម្លៀសចេញពីប្រទេសស៊ូដង់ជាច្រើនលើកមកហើយ មានទាំងតាមផ្លូវអាកាស និងផ្លូវសមុទ្រ។ អ្នកវិភាគយល់ឃើញថា អារ៉ាប៊ីសាអូឌីត កំពុងខិតខំប្រឹងប្រែងដើរតួជាតួអង្គមួយដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៅក្នុងតំបន់។

យោងតាមក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា «ក្រុមស៊ីវិលដែលបានធ្វើដំណើរមកដល់កំពង់ផែទីក្រុង ចេដា (Jeddah) ចេញពីកំពង់ផែស៊ូដង់កាលពីថ្ងៃពុធ ត្រូវបានដឹកដោយកប៉ាល់មួយរបស់អារ៉ាប៊ីសាអូឌីត ហើយព្រះរាជាណាចក្រមួយនេះក៏កំពុងខ្នះខ្នែងផ្ដល់នូវតម្រូវការជាមូលដ្ឋានដល់ជនបរទេសទាំងអស់នោះ ដើម្បីពួកគេអាចរៀបចំដំណើរចាកចេញទៅកាន់ប្រទេសកំណើតរៀងៗខ្លួន»។

ក្រសួង​បាន​បន្ថែម​ថា ក្នុងចំណោមមនុស្សទាំងអស់ ​ជនជាតិ​អារ៉ាប៊ីសាអូឌីតមានចំនួន ១៣ នាក់ ខណៈ​ដែល​អ្នកផ្សេងទៀត មក​ពី​ប្រទេស​ក្នុងតំបន់ផ្សេងៗ រួមមាន​មជ្ឈិមបូព៌ា អាហ្វ្រ៊ិក អឺរ៉ុប អាស៊ី និង​អាមេរិក។ ដោយឡែក ក្រសួងការបរទេសឥណ្ឌូនេស៊ីវិញ បានឱ្យដឹងថា មានជនជាតិឥណ្ឌូនេស៊ីចំនួន ៥៦០ នាក់ត្រូវបានជម្លៀសដោយជោគជ័យពីប្រទេសស៊ូដង់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែក្រសួងមិនច្បាស់នោះទេថា តើពួកគេទាំងអស់ធ្វើដំណើរនៅលើកាប៉ាល់តែមួយដែលបានទៅដល់កំពង់ផែទីក្រុងចេដាកាលពីព្រឹកថ្ងៃពុធ ឬក៏យ៉ាងណានោះទេ។

គួរដឹងដែរថា រដ្ឋាភិបាលក្រុងហ្សាការតា កំពុងធ្វើការបញ្ជូនក្រុមមនុស្សមួយក្រុមផ្សេងទៀតដែលមានជនជាតិឥណ្ឌូនេស៊ីប្រមាណជាង ៣០០ នាក់ចេញពីរដ្ឋធានី ខាទុំ (Khartoum) ប្រទេសស៊ូដង់ទៅកាន់កំពង់ផែស៊ូដង់ ដើម្បីត្រៀមខ្លួនជម្លៀសចេញជាលើកទីពីរ។
នេះបើយោងតាមអ្នកនាំពាក្យ លោក តេគូ ហ្វាយហ្សាសយ៉ា (Teuku Faizasyah) បានប្រាប់សារព័ត៌មាន AFP។ រីឯក្រសួងការបរទេសស្រីលង្កាវិញ បានលើកឡើងថា ជនជាតិរបស់ខ្លួនចំនួន ១៣ នាក់បានធ្វើដំណើរមកដល់ទីក្រុងកំពង់ផែចេដា ចេញពីប្រទេសស៊ូដង់ ហើយនៅមាន ១២ នាក់ផ្សេងទៀតកំពុងរង់ចាំការជម្លៀសខ្លួននៅឯកំពង់ផែស៊ូដង់។

យោងតាមប៉ុស្តិ៍ទូរទស្សរដ្ឋអារ៉ាប៊ីសាអូឌីត បានចាក់ផ្សាយវីដេអូអ្នកដំណើរដែលគ្រវីទង់ជាតិអារ៉ាប៊ីសាអូឌីតពណ៌បៃតងជាមួយនឹងនិមិត្តសញ្ញាដាវ នៅពេលដែលពួកគេកំពុងចុះពីលើទូក។ លើសពីនេះ វីដេអូក៏បានបង្ហាញពីកងកម្លាំងសន្តិសុខអារ៉ាប៊ីសាអូឌីត បាននាំទារកចេញពីទូកទៀតផង។

គួរដឹងដែរថា សង្គ្រាមនៅប្រទេសស៊ូដង់កើតឡើងដោយសារជម្លោះរវាងទាហានដែលគាំទ្រអគ្គមេបញ្ជាការកងទ័ព លោក អាប់ដេល ហ្វាតា អាល់បឺហាន (Abdel Fattah al-Burhan) ប្រឆាំងនឹងអ្នកដែលគាំទ្រអតីតអគ្គមេបញ្ជាការរង លោក ម៉ូហាម ហាមដាន ដាកឡូ (Mohamed Hamdan Daglo) ដែលលោក ដាកឡូ នេះធ្លាប់មានតួនាទីទទួលបន្ទុកផ្នែកកងកម្លាំងផ្ដល់ជំនួយរហ័ស (RSF) ដែលជាក្រុមយោធាដ៏មានឥទ្ធិពលនៅក្នុងប្រទេស។ ការប្រយុទ្ធគ្នានេះបានបណ្តាលឱ្យមនុស្ស ៤៥៩ នាក់បានស្លាប់ និងជាង ៤០០០ នាក់រងរបួស នេះបើយោងតាមតួលេខថ្មីៗដែលចេញផ្សាយដោយទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ។

កន្លងមក សហរដ្ឋអាមេរិក ធ្លាប់បានជួយសម្រួលឱ្យមានបទឈប់បាញ់រយៈពេលបីថ្ងៃ រវាងគូភាគីទាំងពីរដែលកំពុងប្រយុទ្ធគ្នានៅក្នុងរដ្ឋធានី ខាទុំ ហើយស្ថានភាពក៏បានស្ងប់ស្ងាត់មួយរយៈ។ យ៉ាងណាក៏ដោយ សាក្សីនៅទីនោះបានរាយការណ៍ថា មានការវាយប្រហារតាមផ្លូវអាកាសសារជាថ្មី ហើយក្រុមយោធាប៉ារ៉ា បានអះអាងថា ពួកគេបានរឹបអូសយករោងចក្រចម្រាញ់ប្រេង និងរោងចក្រថាមពលដ៏សំខាន់មួយរបស់ស៊ូដង់បានសម្រេចហើយ។ ដោយឡែក ក្រុមមនុស្សជាច្រើន មានទាំងអ្នកការទូត មន្ត្រីបរទេស និងជនស៊ីវិល បានភៀសខ្លួនមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតជាបណ្ដើរៗហើយចាប់តាំងពីថ្ងៃសៅរ៍ ដោយធ្វើដំណើរតាមរយៈទូក ឬកប៉ាល់ជាដើម។

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា មនុស្សសរុបចំនួន ២១៤៨ នាក់ត្រូវបានជម្លៀសទៅកាន់ព្រះរាជាណាចក្រមួយនេះពីប្រទេសស៊ូដង់ ដោយក្នុងនោះមានជាង ២០០០ នាក់ជាជនបរទេស៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia Ship carrying 1,687 Sudan evacuees reaches Saudi: Ministry

ads banner