សាកលវិទ្យាល័យធំមួយរបស់ចិន ប្រកាសផ្តល់អាហារូបរណ៍ថ្នាក់បណ្ឌិតដល់មន្រ្តីយុត្តិធម៌កម្ពុជា
ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបរណ៍ដល់មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជា សម្រាប់សិក្សាថ្នាក់បណ្ឌិត ទាំងដោយផ្ទាល់ និងពីចម្ងាយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៣។
លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ នៃក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភូមិភាគនិរតី នៃសាធារណរដ្ឋប្រជាមានិតចិន គឺបានផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៦កន្លែង ដល់មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជា។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា៖« មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជានេះ គឺសម្រាប់មន្ត្រីជាន់ខ្ពស់ដែលមកពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ដែលនឹងសិក្សារយៈពេលបីឆ្នាំ ទាំងដោយផ្ទាល់ និងពីចម្ងាយ។ កម្មវិធីអាហារូបករណ៍នេះ ផ្តល់ជូនចំពោះតែមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នទាំងបី ដែលមានតួនាទីចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅ និងត្រូវមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ ព្រមទាំងមានបទពិសោធន៍ការងារយ៉ាងតិចប្រាំឆ្នាំ»។
ដើម្បីដឹងច្បាស់ពីកម្មវិធីអាហារូបករណ៍នេះ លោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការទាំងអស់ អាចសាកសួរព័ត៌មានបន្ថែម និងដាក់ពាក្យស្នើសុំ មកកាន់នាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ នៃក្រសួងយុតិ្តធម៌។ កាលបរិច្ឆេទទួលពាក្យអាហារូបករណ៍នេះដែរ នឹងផុតកំណត់ត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
ពាក់ព័ន្ធនឹងការផ្តល់អាហារូបករណ៍លើជំនាញច្បាប់ដល់កម្ពុជានេះដែរ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាទូទៅមិនថា អាហាររូបករណ៍ពីប្រទេសណាទេ ឱ្យតែផ្តល់ដើម្បីគោលដៅជួយអភិវឌ្ឍន៍ធនធានមនុស្សសុទ្ធតែមានសារៈសំខាន់ដូចគ្នា ខណៈកម្ពុជាកំពុងត្រូវការធនធានមនុស្សជាច្រើនសម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស។
លោកបន្តថា៖« យើងត្រូវការធនធានមនុស្សជាច្រើនមកជួយអភិវឌ្ឍន៍ប្រទេសច្រើន ហើយត្រូវការឱ្យយុវជនជន និងនិស្សិតខ្មែរយើងទទួលបានអាហាររូបករណ៍ថ្នាក់ខ្ពស់ឱ្យបានច្រើន ហើយការផ្តល់អាហាររូបករណ៍ផ្នែកច្បាប់ដល់មន្រ្តីកម្ពុជា គឺមិនខុសគ្នានឹងប្រទេសដទៃប៉ុន្មានទេ ព្រោះគោលការច្បាប់ សុទ្ធតែល្អ ដើម្បីរក្សាការពារយុត្តិធម៌ និងការពារដល់សិទ្ធិពលរដ្ឋទាំងអស់» ។
សម្រាប់លោកយល់ថា ជារឿងមួយល្អ និងគួរឱ្យសាទរសម្រាប់អាហារូបករណ៍ ដែលប្រទេសចិន បានផ្តល់មកឱ្យកម្ពុជានាពេលនេះ ព្រោះសុទ្ធតែបានរួមចំណែកជួយបណ្តុះបណ្តាល់ធនធានមនុស្សដែលមានគុណភាព។
លោកបណ្ឌិត គិន ភា បន្ថែមថា កន្លងមកប្រទេសចិន តែងតែផ្តល់អាហាររូបករណ៍ដល់សិស្សនិស្សិត និងបញ្ញាវន្តកម្ពុជាជាច្រើនជាហូរហែរជាងគេ ដូច្នេះសម្រាប់អាហារូបករណ៍លើជំនាញច្បាប់សម្រាប់ស្ថាប័ននីតិបញ្ញត្តិនេះ លោករំពឹងថា នឹងរួមចំណែកជួយពង្រឹងប្រព័ន្ធច្បាប់នៅកម្ពុជាកាន់តែប្រសើរឡើង៕

ដោយ៖ សែម ពិសី