បេសកជនរុស្ស៊ី៖ គ្មានការវិវត្តវិជ្ជមានណាមួយកើតឡើងជុំវិញការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅនោះទេ
ហ្សឺណែវ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ប្រេសិតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា បញ្ហាដែលរុស្ស៊ីបានលើកឡើងអំពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៅតំបន់សមុទ្រខ្មៅ មិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានណាមួយពីសំណាក់លោកខាងលិចនៅឡើយទេ ខណៈថ្ងៃផុតកំណត់នៃកិច្ចព្រមព្រៀងនេះ ខិតជិតមកដល់នៅខែក្រោយនេះ។
ប្រទេសរុស្ស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ ហើយនឹងមិនត្រូវបានបន្តទៀតនោះទេ លុះត្រាតែលោកខាងលិចព្រមដកទណ្ឌកម្មដែលជាឧបសគ្គចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ពោលគឺរុស្ស៊ីចង់ឱ្យរនាំងពាណិជ្ជកម្ម និងទណ្ឌកម្មផ្សេងៗទៀតត្រូវបានដកចេញ ដើម្បីនាំចេញទំនិញរបស់ខ្លួន បើមិនដូច្នោះទេ រុស្ស៊ីនឹងមិនបន្តកិច្ចព្រមព្រៀងស្ដីពីការនាំចេញគ្រាប់ធញ្ញជាតិនៅតំបន់សមុទ្រខ្មៅនោះឡើយ។
កាលពីថ្ងៃពុធម្សិលមិញបេសកជនរុស្ស៊ី លោក ហ្គេណាឌី ហ្កាទីឡូវ (Gennady Gatilov) បានប្រាប់អ្នកសារព័ត៌មាននៅឯស្ថានបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅទីក្រុងហ្សឺណែវ ថា «គិតមកទល់ពេលនេះ យើងសោកស្តាយណាស់ដែលត្រូវនិយាយថា វាពិតជាមិនមានការវិវត្តវិជ្ជមានណាមួយកើតឡើងពិតប្រាកដនោះទេក្នុងការដោះស្រាយបញ្ហានេះ»។
គួរដឹងដែរថា គំនិតផ្តួចផ្តើមក្នុងការបង្កើតកិច្ចព្រមព្រៀងស្ដីពីគ្រាប់ធញ្ញជាតិនៅតំបន់សមុទ្រខ្មៅនេះ ផ្ដើមចេញពីអង្គការសហប្រជាជាតិដែលបានខិតខំដើរតួជាស្ពានរវាងរុស្ស៊ី អ៊ុយក្រែន និងតួកគីកាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ គោលបំណងសំខាន់របស់កិច្ចព្រមព្រៀងនេះ គឺការកាត់បន្ថយវិបត្តិស្បៀងអាហារពិភពលោក ដោយអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិដែលនាំចេញដោយអ៊ុយក្រែន និងដែលបានជាប់គាំងដោយសារការឈ្លានពានរបស់រុស្ស៊ី អាចនាំចេញទៅបានដោយសុវត្ថិភាព តាមរយៈការធ្វើដំណើរចេញពីកំពង់ផែរបស់អ៊ុយក្រែនចំនួនបីកន្លែង។
បើទោះបីជាការនាំចេញកសិផលរបស់រុស្ស៊ី មិនត្រូវបានដាក់ទណ្ឌកម្មដោយផ្ទាល់ពីបណ្ដាប្រទេសលោកខាងលិចក៏ដោយ ប៉ុន្តែទីក្រុងម៉ូស្គូបានអះអាងថា ការដាក់ទណ្ឌកម្មលើការទូទាត់សាច់ប្រាក់ ការដឹកជញ្ជូន និងវិស័យធានារ៉ាប់រងជាដើម បានបង្កើតជាឧបសគ្គដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន។
លោក ហ្កាទីឡូវ បានរំលេចឱ្យដឹងថា «សម្រាប់ភាគីអ៊ុយក្រែន ដូចជាដំណើរការទៅល្អណាស់ជុំវិញកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែភាគីរុស្ស៊ីវិញ កិច្ចព្រមព្រៀងនេះហាក់មិនដំណើរការទៅល្អនោះទេ។ ហេតុអ្វីទៅ? ប្រទេសទាំងពីរគួរតែទទួលការយកចិត្តទុកដាក់ស្មើៗគ្នា។ នេះមិនមែនជារឿងដែលត្រឹមត្រូវនោះទេ»។
គួរបញ្ជាក់ដែរថា ការទាមទារដ៏សំខាន់បំផុតមួយនៅក្នុងការចរចារបស់រុស្ស៊ី គឺការតភ្ជាប់ប្រព័ន្ធធនាគារកសិកម្មរុស្ស៊ី ទៅនឹងប្រព័ន្ធទូទាត់ SWIFT ឡើងវិញ។ លោក ហ្កាទីឡូវ បានមានប្រសាសន៍ថា «ប្រព័ន្ធប្រតិបត្តិការរបស់ធនាគារគួរតែត្រូវបានភ្ជាប់ឡើងវិញទៅនឹងប្រព័ន្ធ SWIFT ជាជាងដែលត្រូវរង់ចាំការសម្រេចចិត្តម្ដងមួយករណីៗ ដោយត្រូវពិនិត្យទៅលើសមត្ថភាពរបស់អ្នកផ្តល់ប្រាក់កម្ចីមុនពេលអនុវត្តប្រតិបត្តិការ»។
សារព័ត៌មានរ៉យទ័រ (Reuters) បានដកស្រង់ប្រភពពីប្រទេសរុស្ស៊ី បានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន JPMorgan Chase & Co JPM.N ដំណើរការការទូទាត់សម្រាប់ធនាគារកសិកម្មរុស្សី ប៉ុន្តែការរៀបចំប្រតិបត្តិការបែបនេះ មិនដូចទៅនឹងការតភ្ជាប់ធនាគារឡើងវិញទៅកាន់ប្រព័ន្ធ SWIFT នោះទេ៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Reuters Russian envoy says no breakthrough on Black Sea grain deal