​​​​អាមេរិក​ នឹង​ចែក​រំលែង​​ផែនការ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាង​ត្បូង​ ដើម្បី​ទប់​ស្កាត់​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​

អាមេរិក៖ សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ទី​២៦​ខែមេសានេះ​ បាន​សន្យា​ថា​នឹងចែក​រំលែក​ផែនការ​នុយក្លេអ៊ែរពេល​មាន​ជម្លោះ​ណាមួយ​​​ជាមួយ​កូរ៉េខាង​ត្បូង​​ ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ពី​ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង។​ ​

​​ការ​សន្យា​នេះ​មាន​ក្នុង​ «សេចក្ដី​ប្រកាស​ក្រុង​វ៉ាស៊ីនតោន​» ដែល​​​​ធ្វើ​ឡើង​បន្ទាប់​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ចូ បៃដិន​ ​និង​ប្រធានាធិបតី​​កូរ៉េខាង​ត្បូង​លោក​ យូន ស៊កយល​ បាន​ជួប​ពិភាក្សា​គ្នា​នៅ​សេតវិមានកាល​ពី​ថ្ងៃ​ពុធ​​ ដោយ​​លើក​ឡើង​នូវ​បញ្ហា​ផ្សេង​ៗ​រាប់​តាំង​ពី​វិបត្តិ​ឧបទ្វីប​កូរ៉េ​ ជម្លោះ​នៅ​តៃវ៉ាន់​ បន្ទះ​ឈីប​ និង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​សង្រ្គាម​នៅ​អ៊ុយក្រែន​ជាដើម​​។ ​

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ បាន​ស្រង់​សម្ដី​ក្រុម​មន្ត្រី​អាមេរិក​ដែល​​និយាយ​ថា​ ​​ក្រោម​​សេចក្តី​ប្រកាស​​​ថ្មីនេះ​ ​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ឱ្យ​ទីក្រុង​សេអ៊ូល​នូវ​​ព័ត៌មាន​​លម្អិត​ចំពោះ​ផែនការ​បន្ទាន់​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ទប់​ស្កាត់​ និង​ឆ្លើយ​តប​ចំពោះ​ឧប្បត្តិ​ហេតុ​នុយក្លេអ៊ែរ​ណា​មួយ​នៅ​ក្នុង​តំបន់​ តាម​រយៈ​ក្រុម​ប្រឹក្សា​នុយក្លេអ៊ែរ​សហរដ្ឋ​អាមេរិក​-​កូរ៉េ​ខាង​ត្បូង​។​

ក្រុម​មន្ត្រី​​​និយាយ​ទៀត​ថា​ ក្រុង​​វ៉ាស៊ីនតោន​ក៏​នឹង​ដាក់​ពង្រាយ​នាវា​មុជ​ទឹក​ផ្ទុក​​មីស៊ីល​ផ្លោង​ ​ទៅកាន់​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ជា​​ការ​បង្ហាញ​កម្លាំង​របស់​ខ្លួន​ផង​ដែរ​​ ដែល​នឹង​ក្លាយ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​ទូលំ​​ទូលាយ​របស់​អាមេរិក​​។​

យ៉ាង​ណា​មិញ​​ក្រោយ​ជំនួប​ជាមួយ​​លោក​ យូន គឺលោក​ បៃដិន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អាមេរិក​​នឹង​​មិន​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាង​ត្បូង​នោះ​ទេ​ ប៉ុន្តែ​ថា​ លោក​នឹង​រក្សា​ «​សិទ្ធិ​អំណាច​ផ្តាច់​មុខ​»​ ក្នុង​ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​​។

​​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ក្រោយ​កិច្ច​ពិភាក្សា​ ​​លោក​ យូន​ បាន​និយាយ​ថា​ លោក​ និង​លោក​ បៃដិន​ បាន​​ព្រម​ព្រៀង​គ្នា​លើ​ជំហាន​​ពង្រឹង​ការ​ការពារ​របស់​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​កូរ៉េ​ខាង​ជើង​។​

លោក​ យូន ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​​​ប្រទេស​យើង​ទាំង​​២​ បាន​យល់​ព្រម​ក្នុង​ការ​ពិគ្រោះ​យោបល់​ថ្នាក់​​ប្រធានាធិបតី​ទ្វេ​ភាគី​ភ្លាម​ៗ​ ​នៅ​ពេល​មាន​ព្រឹត្តិការណ៍​នៃ​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ហើយ​បាន​សន្យា​ថា​នឹង​ឆ្លើយ​តប​យ៉ាង​រហ័ស ​លើស​លប់​ និង​ប្រកប​ដោយ​ការ​សម្រេច​ចិត្តជាក់​លាក់​​ ដោយ​ប្រើ​ប្រាស់​កម្លាំង​របស់​សម្ព័ន្ធ​មិត្ត​​​ រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​​​»​។

ចំណែក​ឯ​លោក​ បៃដិន​ ឯណោះ​វិញ​ បាន​រំឭក​ឡើង​វិញ​នូវ​ការ​ទាម​ទារ​ឱ្យ​​​ប្រទេស​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​ពិភាក្សា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​ខ្លួន​ ដែល​​នា​ពេល​កន្លង​មក​ ត្រូវ​​បាន​​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​ គីម ជុងអ៊ុន​ មិន​អើ​ពើ​។  ​

ជុំ​វិញ​ការ​ប្រកាស​ស្ដី​ពី​​ការ​ចែក​រំលែង​ផែន​ការ​នុយក្លេអ៊ែរ​ចុង​ក្រោយ​នេះ​ កូរ៉េខាង​ជើង ដែល​បង្កើន​ការ​បាញ់​សាក​ល្បង​អាវុធ​របស់​ខ្លួន​ ​​មិន​បាន​ចេញ​ប្រតិកម្ម​យ៉ាង​ណា​ភ្លាម​ៗ​នោះ​ទេ​។ ប៉ុន្តែ​កន្លង​មក​​ កូរ៉េ​ខាង​ជើង​បាន​​ព្រមាន​សង​សឹង​ និង​ធ្វើ​ការ​គំរាម​កំហែង​ផ្សេង​ៗ​ ចំពោះ​ការ​ដាក់​ពង្រាយ​ផ្នែក​យោធា​សំខាន់​ រួម​មាន​ទាំង​​យន្តហោះ​ទម្លាក់​គ្រាប់​បែក​​យុទ្ធ​សាស្រ្ត ​នៅ​ក្នុង​តំបន់​របស់​អាមេរិក​ ក៏​ដូច​ជា​សមយុទ្ធយោធា​រួម​​របស់​អាមេរិក​ និង​កូរ៉េខាង​ត្បូង​​៕

ប្រែសម្រួលដោយ៖ ហួន ឌីណា

ប្រភព​៖ South Korea, US to share nuclear planning to deter North Korean threat

ads banner