ស្ថាប័នជំនាញ កំពុងធ្វើទំនើបកម្មមន្ទីរពេទ្យតេជោ សែន កោះធំ ឱ្យមានស្តង់ដាខ្ពស់ខ្នាតអន្តរជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ទីពេទ្យតេជោ សែន កោះធំ នឹងក្លាយជាមន្ទីពេទ្យដែលមានកម្រិតស្តង់ដាខ្ពស់ខ្នាតអន្តរជាតិខ្ពស់មួយរបស់កម្ពុជា ខណៈបច្ចុប្បន្នក្រសួង និងអ្នកជំនាញបច្ចេកទេសមកពីមន្ទីរពេទ្យកាល់ម៉ែត កំពុងពន្លឿនការងាររៀបចំបំពាក់បរិក្ខាពេទ្យទំនើបៗ នៅមន្ទីរពេទ្យនេះ សម្រាប់បម្រើជូនប្រជាពលរដ្ឋ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាអំពីការរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់គ្រប់គ្រងមន្ទីរពេទ្យ តេជោ សែន កោះធំ ការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រដល់មន្ទីរពេទ្យនេះ ឱ្យមានស្តង់ដាខ្ពស់ខ្នាតអន្តរជាតិ ដើម្បីផ្តល់ទំនុកចិត្ត ជូនប្រជាពលរដ្ឋ។

លោកបន្តថា៖« ក្រសួងសារធារណការ បានជួបពិភាក្សាជាមួយប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះធំ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត សប្បុរសជនក្រៅប្រទេស អ្នកផ្គត់ផ្គង់បរិក្ខារ និងសម្ភារមន្ទីរពេទ្យ ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសជាច្រើនរូប ដើម្បីការរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់គ្រប់គ្រងមន្ទីពេទ្យនេះ តេជោ សែន កោះធំ ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល»។ លោកបញ្ជាក់ថា ការរិះរកមធ្យោបាយនេះ ដើម្បីប្រែក្លាយជាមន្ទីរពេទ្យទំនើបមួយ ស្របតាមស្តង់ដារថ្នាក់ជាតិ ដោយមានបំពាក់សម្ភារបរិក្ខារសំបូរបែបគ្រប់គ្រាន់ សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ជុំវិញស្រុក និងខេត្ត។
លោក ស៊ុន ចាន់ថា បានបន្តថា កិច្ចប្រជុំនេះដែរ ក៏បានពិភាក្សា និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យទៅលើដំណើររៀបចំ សម្ភារ បរិក្ខារពេទ្យ នៅក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ឱ្យបានគ្រប់គ្រាន់សព្វជ្រុងជ្រោយ និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺផងដែរ។
បន្ថែមពីនេះ លោកបានបន្តថា មន្ទីរពេទ្យតេជោ សែន កោះធំនេះ មិនត្រឹមតែជាមន្ទីរពេទ្យមានលក្ខណៈទំនើប និងស្រស់ស្អាតប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាមន្ទីរពេទ្យដែលអាចផ្ដល់ សេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈជូនប្រជាពលរដ្ឋផងដែរ។ លោក ក៏បាន ណែនាំឱ្យភាគីពាក់ព័ន្ធជួបប្រជុំឱ្យបានទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងនេះឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា មន្ទីរពេទ្យតេជោកោះធំនេះ នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ឬរាជធានីភ្នំពេញ ដែលឆ្ងាយពីមូលដ្ឋានរបស់ខ្លួន។ ជាពិសេស នឹងចូលរួមបំពេញតម្រូវការសេវាព្យាបាលជំងឺទូទៅ និងសេវាត្រួតពិនិត្យសុខភាព ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក្នុងស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក និងស្រុកព្រៃកប្បាស់ នៃខេត្តតាកែវ ផងដែរ។

សូមជម្រាបជូនថា មន្ទីរពេទ្យតេជោសែនកោះធំនេះ សាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុប ប្រមាណជា ១០លានដុល្លារ សម្រាប់ការសាងសង់។
មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានបើកការដ្ឋានសាងសង់ឡើង កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅលើផ្ទៃដីទំហំ ១,៤៧ ហិកតា មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះធំ តាមបណ្តោយផ្លូវជាតិលេខ២១។ អាគារមន្ទីរពេទ្យមានទំហំសរុប ១៣.០០០ម៉ែត្រក្រឡា មាន១៥០គ្រែ បំពាក់ដោយឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសទំនើបៗ កម្រិតស្តង់ដាថ្នាក់ជាតិ។
គិតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងសាងសងនៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យនេះ បានសាងសង់រួចរាល់ហើយ នៅរង់ចាំតែការបំពាក់គ្រឿងបរិក្ខារពេទ្យផ្នែកខាងក្នុង ដោយត្រូវការពេលវេលាក្នុងការបញ្ជាទិញ និងបំពាក់ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅដើមត្រីមាសទី៣ នៃឆ្នាំ២០២៣ខាងមុខនេះ៕
អត្ថបទ៖ សែម ពិសី