ប៉េរូប្រកាសអាសន្ន ទប់ស្កាត់ជនចំណាកស្រុក គ្មានឯកសារ
លីម៉ា៖ ប្រទេសប៉េរូបានប្រកាសភាពអាសន្ន ដើម្បីទប់ស្កាត់ជនចំណាកស្រុកដែលគ្មានឯកសារ។
ប្រធានាធិបតីរបស់ប្រទេសប៉េរូ លោកស្រី ឌីណា បូលូអាតេ (Dina Boluarte) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នៅតាមព្រំដែនរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ កាលពីថ្ងៃពុធ សប្តាហ៍នេះ ហើយបានបញ្ជាឱ្យដាក់ពង្រាយកងទ័ពដើម្បីពង្រឹងប៉ុស្តិ៍ត្រួតពិនិត្យ និងរារាំងជនចំណាកស្រុកដែលគ្មានឯកសារដែលធ្វើដំណើរទៅភាគខាងជើងពីប្រទេសស៊ីលី។

ជនចំណាកស្រុករាប់រយនាក់ ដែលអង្គការសហប្រជាជាតិនិយាយថា ជាប្រជាជនភាគច្រើនមកពីប្រទេសហៃទី និងវេណេស៊ុយអេឡា ដែលធ្លាប់រស់នៅក្នុងប្រទេសស៊ីលី ប៉ុន្តែឥឡូវនេះ កំពុងព្យាយាមចាកចេញនោះ ត្រូវបានរារាំងអស់ជាច្រើនសប្តាហ៍ នៅព្រំដែនរវាងទីក្រុង តាក់ណា (Tacna) នៃប្រទេសប៉េរូ និងទីក្រុង អារីកា (Arica) ភាគខាងជើងប្រទេសស៊ីលី។
មនុស្សជាច្រើននិយាយថា ពួកគេកំពុងស្វែងរកផ្លូវត្រឡប់ទៅផ្ទះវិញ ឬបន្តទៅភាគខាងជើងបន្ថែមទៀត ទៅកាន់សហរដ្ឋអាមេរិក ដោយសារប្រទេសឈីលីរឹតបន្តឹងការគ្រប់គ្រងការធ្វើចំណាកស្រុក។

រដ្ឋាភិបាលប៉េរូបានបញ្ជូនមន្ត្រីប៉ូលីសចំនួន ២០០ នាក់រួចហើយ ដើម្បីពង្រឹងចំណុចត្រួតពិនិត្យអន្តោប្រវេសន៍ នៅក្នុងអ្វីដែលខ្លួនបាននិយាយថា ក៏ជាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
ប្រធានាធិបតីប្រទេសប៉េរូ លោកស្រី Dina Boluarte បាននិយាយថា ទាហានបន្ថែមនឹងត្រូវបានដាក់ពង្រាយដើម្បីជួយគាំទ្រប៉ូលីសនៅច្រកព្រំដែនជាមួយប្រទេសស៊ីលី បូលីវី ប្រេស៊ីល អេក្វាឌ័រ និងកូឡុំប៊ី៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត