បណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩៧៥បណ្ណ ត្រូវបានអភិបាលខេត្ត កណ្តាល ប្រគល់ជូនប្រជាពលរដ្ឋភូមិប្រធាតុ ក
កណ្តាល៖ ថ្លែងនៅក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ចំនួន ៩៧៥បណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រធាតុ ក ឃុំព្រែកស្ដី ស្រុកកោះធំ កាលរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចែកប្លង់ រឹងនៅពេលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធានា កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ។

ក្នុងពិធីនេះឯកឧត្ដមអភិបាលខេត្តបានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ដែលបានខិតខំបំពេញការងារសម្រេចបាន ជោគជ័យនាពេលនេះនិងសូមចូលអបអរសាទរចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលទទួលបណ្ណកម្មសិទ្ធិនាថ្ងៃនេះផងដែរ។ ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់មន្ទីរដែនដី នគរូបនីយកម្មសំណងនិងសូរិយោដីខេត្តត្រូវខិតខំបន្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនិងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តឱ្យបានឆាប់រហ័សតាមការគ្រោងទុក។

លោក អ៊េង សុវិចិត្រ អភិបាលស្រុកកោះធំ បានឱ្យដឹងថា ស្រុក បានត្រៀមប្រកាសតំបន់វិនិច្ឆ័យក្នុងយុទ្ធនាការ វគ្គ២ ចំនួនប្រាំបួន ឃុំទៀតនាពេលខាងមុខនេះ រួមមាន៖ ១-ឃុំឈើខ្មៅ ២-ឃុំជ្រោយ តាកែវ ៣- ឃុំកំពង់កុង ៤-ឃុំកោះធំ“ក” ៥-ឃុំកោះធំ “ខ” ៦ ឃុំលើកដែក ៧-ឃុំពោធិបាន ៨-ឃុំព្រែកជ្រៃ ៩-ឃុំព្រែកថ្មី ៕ ដោយ៖រ៉ាវុធ