សំណង់វិមានឯករាជ្យខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់រួចរាល់ជាស្ថាពរនៅដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ

ខេត្តបាត់ដំបង៖ ការពន្លឿនក្នុងការសាងសង់វិមានឯករាជ្យស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ដែលបានចាប់ផ្តើមកសាងនៅក្នុងអំឡុងខែធ្នូឆ្នាំ២០២២កន្លងមកនេះ សម្រេចបានប្រមាណ ៩០ភាគរយហើយ នេះបើតាមការគូសបញ្ជាក់ពីអ្នកសម្របសម្រួល និងទំនាក់ទំនងការងារ ក្នុងការដ្ឋានសាងសង់”វិមានឯករាជ្យខេត្តបាត់ដំបង” ។

លោក តន សុផាត ជាអ្នកសម្របសម្រួល និងទំនាក់ទំនងការងារការដ្ឋានសាងសង់វិមានឯករាជ្យ បានឲ្យដឹងថា៖ ការសាងសង់វិមានឯករាជ្យក្នុងក្រុងបាត់ដំបងនេះ ត្រូវបានក្រុមការងារ សាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យឆាប់បានរួចរាល់នៅត្រឹមដើមខែឧសភា នាពេលដ៏ខ្លីខាងមុខនេះ និងដើម្បីជួយសម្រួលក្នុងការៀបចំកសាងផ្លូវនៅបរិវេណជុំវិញបន្តទៀត ។

លោក តន សុផាត បញ្ជាក់ទៀតថា៖ គិតពីការចាប់ផ្តើមសាងសង់រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ៩០ភាគរយហើយ ដែលនិងគ្រោងបញ្ចប់ក្នុងការសាងសង់នៅពេលឆាប់ៗខាងមុខ យ៉ាងយូរនៅដើមខែឧសភាឆ្នាំ២០២៣ នេះ។

សូមបញ្ជាក់ថា ក្រៅពីការសាងសង់វិមានឯករាជ្យ ក្នុងនោះអាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង ក្រោមការគិតគូរយកចិត្តទុក និងចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង អាជ្ញាធរខេត្តបាត់ដំបង បាននិងកំពុងពន្លឿន ក្នុងការសាងសង់សួនច្បារថ្មី រៀបចំទីតាំផ្សាររាត្រីថ្មី ធ្វើការកែលម្អច្រាំងស្ទឹងសង្កែទាំងសងខាងឲ្យប្រសើរឡើងវិញ ដើម្បីលើកកម្ពស់នូវសោភ័ណភាពក្នុងទីក្រុងបាត់ដំបង ឱ្យកាន់តែស្រស់បំព្រងថែមមួយកម្រិតទៀត និងដើម្បីធ្វើឲ្យទីក្រុង របស់ខេត្តមួយនេះ ក្លាយទៅជាទីក្រុងវៃឆ្លាត”នាពេលអនាគតដ៏ខ្លី ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner