ខាន់ ចេសា មកដល់កម្ពុជាទាំងមានទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមយកមេដាយមាស២គ្រឿង ជូនជាតិ

ភ្នំពេញ៖ កីឡាការិនីជូជឺតស៊ូ ខាន់ ចេសា បានមកដល់ទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ជាមួយស្មាមញញឹម និងទំនុកចិត្តខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង ដោយព្រឹត្តិការណ៍នេះ នឹងរៀបចំពិធីបើក នៅថ្ងៃទី៥ និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា។

ម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ ខាន់ ចេសា បាននិយាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បែបនេះថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្តខ្ពស់ក្នុងការទទួលបានមេដាយជូនកម្ពុជា។ ខ្ញុំសង្ឃឹមថា នឹងយកបានមេដាយមាស២គ្រឿងជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ»។

ជាមួយការដាក់គោលដៅ ដណ្តើមឱ្យបានមេដាយមាសចំនួន២គ្រឿងជូនដល់កម្ពុជានេះ ខាន់ ចេសា បានអះអាងថា ខ្លួនបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងធម្មតា ដើម្បីត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ហើយកញ្ញា មិនមានអ្វីជាបញ្ហា ឬក្ដីបារម្ភអ្វីពេកទេ សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជានេះ។ ចេសា ក៏បានធ្វើការអរគុណដល់អ្នកគាំទ្រ សម្រាប់ការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលធ្វើឱ្យរូបនាង មានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការមកប្រកួតតំណាងឱ្យកម្ពុជាលើកនេះ។

ខាន់ ចេសា បានបញ្ជាក់ថា៖ «ពិតណាស់ការប្រកួតកីឡា យើងមិនអាចកំណត់បាន១០០ភាគរយ ថាយើងនឹងឈ្នះបានមេដាយមាស ឬយ៉ាងណានោះទេ ដែលវាអាចនឹងមានការប្រែប្រួល ក្នុងពេលប្រកួតជាក់ស្តែងខ្លះដែរ ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចគោលបំណងនៃការដណ្តើមយកមេដាយមាសជូនកម្ពុជា»។

គួររំឭកថា ខាន់ ចេសា បានបង្កើតស្នាដៃលើកដំបូងឱ្យកម្ពុជា ក្នុងពេលនាងបានចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ដោយដណ្តើមបានមេដាយមាស ហើយសម្រាប់ការចូលរួមប្រកួតស៊ីហ្គេម លើកដំបូង ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ចេសា ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម។

ចំណែកការប្រកួតស៊ីហ្គេម នៅកម្ពុជា លើកនេះ ខាន់ ចេសា នឹងត្រូវប្រកួត នៅលើវិញ្ញាសាចំនួន២ផ្សេងគ្នា គឺវិញ្ញាសាគី (Gi) ទម្ងន់ ៥២គីឡូក្រាម និងវិញ្ញាសាគ្មានគី (No-Gi) ទម្ងន់ ៥២គីឡូក្រាមដូចគ្នា ហើយកីឡាការិនីកូនខ្មែរ-អាមេរិក ធ្លាប់ឈ្នះមេដាយកម្រិតពិភពលោកជាច្រើនរូបនេះ បានដាក់គោលដៅ ត្រូវដណ្តើមយកមេដាយមាសឱ្យបានទាំង២វិញ្ញាសានេះតែម្តង ខណៈប្រភេទកីឡា ជូជឺតស៊ូនេះ នឹងចាប់ផ្ដើមបើកការប្រកួត ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែឧសភា នៅមជ្ឈមណ្ឌល OCIC៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner