សមាជិកសមាជិកាថ្មី ៥០០០នាក់ ត្រូវបានបញ្ចូលជាសមាជិក គណៈកម្មាធិការ គណបក្សប្រជាជន សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្នុងពិធីប្រកាសបញ្ចូល សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ៥០០០នាក់ របស់គណៈកម្មាធិការ គណបក្សសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានគាំទ្រនូវការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូន ក្មួយៗទាំងអស់ដែលបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះ ។

ឯកឧត្តម ឃួង ស្រេង បន្តថា រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបាននិងកំពុងលើកទឹកចិត្តអ្នកវិនិយោគទុនជាតិ និងអន្តរជាតិសំដៅ បង្កើនការងារក្នុង និងក្រៅប្រទេសរបស់យុវជនយើង និងបានតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ពិសេសគឺបានខិតខំដោះស្រាយប្រាក់ឈ្នួលអប្បបរមារបស់កម្មករតាមរោងចក្រកាត់ដេរ និង វាយនភណ្ឌពី១៩៤ដុល្លារនៅឆ្នាំ២០២២ មក ២០០ដុល្លារក្នុង១ខែនៅឆ្នាំ២០២៣ និងបើកពីរដងក្នុង១ខែ ។ ទន្ទឹមនោះបានខិតខំជំរុញការតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតចូលដល់ផ្ទះជួលដែលបង ប្អូនកម្មករ កម្មការិនីស្នាក់នៅទៀតផង ។

ឯកឧត្តម បន្តទៀតថា ក្នុងអំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ-១៩ ប្រាក់ឈ្នួលអប្បបរមាត្រូវបានរក្សា និងដំឡើងជូនបងប្អូនកម្មករនិយោជិត ជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមាត្រូវបានតម្លើងដល់២០០ដុល្លា និងត្រូវបើកជូនកម្មករ និយោជិតចំនួន២ដងក្នុងមួយខែ ។ កម្មករនិយោជិតទទួលបានការពិនិត្យព្យាបាលជម្ងឺដោយមិនបង់ប្រាក់ ។ កម្មការិនីទទួលបានប្រាក់ឈ្នួល១២០% និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន ។ ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនក្នុង១នាក់ថវិកា ៤០ម៉ឺនរៀល,កូនពីរនាក់ថវិកា៨០ម៉ឺនរៀល,និងកូន ៣នាក់ថវិកា ១លាន ២សែនរៀល ព្រមទាំងទទួលបានថវិកា បន្ថែមចំនួន ៥លានរៀលពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ។ និយោជកបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំងសុខភាព១០០%ជំនួសកម្មករនិយោជិត។

ឯកឧត្តម ឃួង ស្រេង សូមអោយបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងអស់គ្នា ។ លោកសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត។

ឯកឧត្តម ឃួង ស្រេង ក៏បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំង ៥០០០នាក់នេះផងដែរ ដោយក្នុងក្នុងម្នាក់ៗទទួលថវិកា២ម៉ឺនរៀល និងក្នុងចំនួននេះសម្រាប់អ្នកមានផ្ទៃពោះប្រមាណជាង ២៥០នាក់ ទទួលបានក្នុងម្នាក់ចំនួន ៤០ម៉ឺនរៀលបន្ថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner