លោក បៃដិន ថា សារព័ត៌មានខ្លះ ភូតកុហក សមគំនិត និងតាមព្យាបាទឥតឈប់ឈរ

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពី​ថ្ងៃទី២៩ ខែមេសា ​បានវាយប្រហារបណ្តាញសា​រព័ត៌មាន ដោយបានប្រើប្រាស់ពាក្យធ្ងន់ៗ ដូចជាថា​សារព័ត៌មានមួយចំនួនបានផ្សាយកុហកដើម្បីរកប្រាក់ចំ​ណេញ និងអំណាចរបស់ពួកគេ។ ការលើកឡើងនេះបានជំរុញឱ្យមានការស្អប់ខ្ពើមកាន់តែខ្លាំង ពោលគឺលោក បៃដិន ចង់សំដៅទៅលើសារព័ត៌មានអាមេរិកដ៏ល្បីល្បាញមួយឈ្មោះថា Fox News។​

ថ្លែងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់សមាគមអ្នកសារព័ត៌មាននៅសេតវិមាន លោក បៃដិន បានលើកឡើងថា ៖ «ការពិតត្រូវបានកប់ដោយការភូតភរ» ដោយលោកចង់សំដៅទៅកាន់ព្រឹត្តិការណ៍នៃការផ្សាយមិនពិតដែលថា ការឈ្នះឆ្នោ​តនៅឆ្នាំ២០២០ របស់លោកគឺជាលទ្ធផលនៃការកេងបន្លំ។

លោក ​បៃដិន បានមានប្រសាសន៍ថា ៖ «ការកុហកទាំងនោះគឺដើម្បីរកប្រាក់ចំណេញ និងអំណាច។ ការភូតកុហក កា​រឃុបឃិត និងការព្យាបាទ ម្តងហើយម្តងទៀត ត្រូវបានធ្វើឡើងដើម្បីបញ្ឆេះកំហឹង និងការស្អប់ខ្ពើម រហូតដល់ថ្នាក់ប្រើប្រា​ស់អំពើហិង្សា»។​

សូមរំឭកថា កាលពីដើមខែ​​នេះ ក្រុមហ៊ុនមេរបស់សារព័ត៌មាន Fox News គឺក្រុមហ៊ុន Fox Corp បានដោះស្រាយបណ្តឹ​ងបរិហារកេរ្តិ៍ដោយក្រុមហ៊ុនប្រព័ន្ធគ្រប់គ្រងការបោះឆ្នោតឈ្មោះថា Dominion Voting Systems ដោយត្រូវបង់សំ​ណងអស់៧៨៧,៥ លានដុល្លារ ដោយសារតែការលើកឡើងមិនពិតរបស់សារព័ត៌មាន Fox News ដែលថាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ត្រូវបានរៀបចំដើម្បីគាំទ្រលោក បៃដិន។​

ដោយឡែក កាលពីថ្ងៃទី៤ ខែមេសា កន្លងទៅ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូ​វបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ ករណី ពាក់ព័ន្ធនឹងការបង់ប្រាក់ចំនួន ១៣០.០០០ ដុល្លារទៅឱ្យតារាភាពយន្តអាសអាភាសអំឡុងពេលយុទ្ធនាការប្រធានាធិបតីឆ្នាំ២០១៦។ យ៉ាងណាក៏ដោយ លោក ត្រាំ ត្រូវបានកា​ត់ក្ដីដោយតុលាការថាមិនមានទោសកំហុសអ្វីនោះទេចំពោះការចោទប្រកាន់ទាំងអស់ខាងលើ។​

គួរដឹងដែរថា​ កម្មវិធីពិសាអាហារ​ពេល​ល្ងាច​ប្រចាំ​ឆ្នាំ​នេះ​ មាន​ការ​ចូល​រួម​ដោយ​អ្នកសារ​ព័ត៌មាន​ជា​ច្រើន​នាក់​ដែល​តែងតែចូលទៅយក​ព័ត៌មាន​នៅក្នុង​សេតវិមានកន្លងមក រួម​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​រូបផងដែរ។ ម៉្យាងទៀត កម្មវិធីនេះក៏បានក្លាយជាពេលដែលមានការតាំងបង្ហាញអំពីឧស្សាហកម្មកម្សាន្តផ្សេងៗ ដើម្បីចូលរួមជាមួយឥស្សរជនដ៏មានឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

ដោយឡែក សម្រាប់លោក បៃដិន ជាធម្មតាលោកតែងតែចូលរួមអាហារពេលល្ងាចជាមួយគ្នា ហើយថ្លែងសុន្ទរកថាដោ​យ​ផ្ដោតសំខាន់ទៅលើវិសោធនកម្មដំបូងនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលជាដំណើរឈានទៅរកការធានាបាននូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន។

កាលពីឆ្នាំ២០១១ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ធ្លាប់បានឆ្លៀតប្រើប្រាស់សុន្ទរកថារបស់លោកនៅពេលនោះ ដើម្បីនិយាយបញ្ឆិតបញ្ឆៀងដាក់លោក ត្រាំ ដែលកំពុងអង្គុយនៅខាងក្រោមជា​មួ​យទស្សនិកជន។

 គួររំឭកថា នៅពេលនោះ លោក ត្រាំ បាន​ផ្សព្វផ្សាយ​រឿង​មិន​ពិត​ថា លោក អូបាម៉ា មិន​បាន​កើត​នៅ​ក្នុងទឹកដី​សហរដ្ឋ​អាមេរិកនោះទេ។​

លោក បៃដិន ក៏បានជួបសំណេះសំណាលជាមួយ លោក ប្រ៊ិតនី ហ្គ្រិនដឺ (Brittney Griner) ដែលជាអ្នកលេងបាល់បោះអាជីព និងដែលត្រូវបានដោះលែងកាលពីខែធ្នូ ឆ្នាំមុន ដោយទីក្រុងមូស្គូ បន្ទាប់ពីបានជាប់ពន្ធនាគារពីបទរត់ពន្ធគ្រឿងញៀនខុសច្បាប់។​

បន្ទាប់ពីការថ្លែងឡើងអំពីកិច្ចខិតខំប្រឹងប្រែងដ៏លំបាកក្នុងការទាមទារឱ្យដោះលែងជនជាតិអាមេរិកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅបរទេស លោក បៃដិន បាននិយាយអំពីបញ្ហាទូទៅដោយទម្លាក់ទឹកដមសំឡេងវិញម្ដង ហើយថែមទាំ​ងបាននិយាយលេងសើចកម្សាន្តទៀតផង។

ប្រធានាធិបតី វ័យ៨០ ឆ្នាំរូបនេះ បានលើកឡើងថា «ខ្ញុំមានជំនឿជឿជាក់លើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទីមួយ។ មិនមែនដោយសារតែមិត្តល្អរបស់ខ្ញុំ ជីមី ម៉ាឌីសុន (Jimmy Madison) ជាអ្នកសរសេរវានោះទេ»។ គួរដឹងដែរថា លោក ជេម ម៉ាឌីសុន (James Madison) គឺជាប្រធានាធិបតីអាមេរិកទី៤ ដែលបានចូលកាន់ដំណែងចាប់ពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨១៧៕​

ប្រែសម្រួល៖ធា សុណា ប្រភព​៖​​ Biden attacks news outlets for ‘lies of conspiracy and malice’

ads banner