ប្រធានសហព័ន្ធសីដក់ និងឈិនឡូនកម្ពុជា រំពឹងថា កីឡាករ កីឡាករិនី នឹងដណ្ដើមបានមេដាយច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២
ភ្នំពេញ ៖ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធ កីឡាសីដក់និងឈិន ឡូនកម្ពុជា បានអះអាងថា ក្រោយការពិនិត្យតាមដានយ៉ាងល្អិតល្អន់ពីគ្រូបង្វឹក និង ប្រធានប្រតិភូដឹកនាំ ក្នុងរយៈពេល ៤ខែ និង ២០ថ្ងៃ កីឡាករកីឡាការិនី សីដក់ និងឈិនឡូនកម្ពុជា ដែល ទៅបោះជម្រុំហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា ឃើញថា មានការ គោរពវិន័យបានល្អ ខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ មានការប្រប្រួលរីកចម្រើនគួរឲ្យកត់សម្គាល់ ។ នេះគឺដោយសារកីឡាករកីឡាការិនីនៅប្រមូលផ្ដុំ គ្នាអាចរក្សាកម្លាំងបានល្អ បង្កើនបច្ចេកទេសបានខ្ពស់ និងត្រៀមខ្លួនបានយ៉ាងល្អ រំពឹងថានឹងដណ្ដើមបានមេដាយច្រើនពីការប្រកួតក្នុងព្រឹត្តិការកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ ។

ឯកឧត្តម បានថ្លែងដូចនេះ នៅក្នុងឱកាស ទទួលប្រតិភូ កីឡាករ កីឡាការិនី សីដក់ និង ឈិនឡូន កម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែមេសាដែលត្រឡប់មកពីការបោះជុំរុំហ្វឹកហាត់ នៅប្រទេសមីយ៉ាន់ម៉ា ។

ឯកឧត្តមប្រធានសហព័ន្ធ មានប្រសាសន៍ថា តាមសន្ទស្សន៍មេដាយ ដែលខេមសុកបានកំណត់សម្រាប់ សហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជាគឺត្រូវ ដណ្ដើម ឲ្យបាន មេដាយមាស២ ។ ក្រោយពីការហ្វឹកហាត់បង្កើនបច្ចេកទេស នៅមីយ៉ាន់ម៉ា ឯកឧត្តមសង្ឈឹមថា កម្ពុជាអាចដណ្ដើមបានមេដាយមាស លើសពី២ ពិសេសគឺលើប្រភេទកីឡាឈិនឡូនតែម្ដងដែលអាចដណ្ដើមបានមេដាយបានច្រើនជាងប្រភេទកីឡាសីដក់ ព្រោះថាប្រភេទកីឡាឈិនឡូន កម្ពុជាគឺមានសក្ដានុពលខ្លាំង កម្ពុជាធ្លាប់ បានឈ្នះមេដាយមាស ផ្នែកបុរសពីព្រឹត្តិការណ៍កីឡាឈីនឡូនជើងឯក ទ្វីបអាស៊ីលើកទី២ នៅទីក្រុងម៉ាន់ដឺឡេ ប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមនារីកម្ពុជាឈ្នះបានមេដាយសំរឹទ្ធ។ ចំណែក ប្រភេទកីឡាសីដក់វិញ គឺមានប្រទេសចូលរួមប្រកួតច្រើន ហើយសម្បូរទៅដោយកីឡាករខ្លាំងៗ ដែលលំបាក ក្នុងការប្រជែងមេដាយ ។

ឯកឧត្តម មាស សារិន បានឲ្យដឹងដែរថាសម្រាប់ព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ លើប្រភេទកីឡា សីដក់ និង ឈិនឡូន គណៈកម្មការរៀបចំ បានដាក់វិញ្ញាសាចំនួន ២១ ឲ្យកីឡាករកីឡាការិនីមកពីបណ្ដាប្រទេសនានាធ្វើការប្រកួតប្រជែង ក្នុងនោះ ផ្នែកសីដក់មាន ១០វិញ្ញាសា និង ផ្នែកឈិនឡូនមាន ១១វិញ្ញាសា ដោយប្រកួត ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា អត្តពលិកកីឡាសីដក់និងឈិនឡូនកម្ពុជាចំនួន ៣០នាក់ មានប្រុស ១៨នាក់និង ស្រី ១២នាក់ បានចេញទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា រយៈជាង៤ខែ និង២០ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២និងបានត្រឡប់កមវិញនៅ ថ្ងៃទី៣០ ខែ មេសា ម្សិលម៉ិញនេះ ដើម្បីចូលរួមក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ៕


ចាន់ វិចិត្រ