ក្រសួងកសិកម្មបដិសេធទាក់ទងនឹង​ព័ត៌មានថា មាន​សត្វគោបីក្បាលងាប់ជាបន្តបន្ទាប់និងកំពុងតែឆ្លងជំងឺទៅគោជាច្រើនក្បាលទៀតក្នុង​ខេត្តឧត្តរមានជ័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ បានច្រានចោលនូវព័ត៌មានដែលបាន​លើកឡើងថា មានករណី ផ្ទុះជំងឺសារទឹក ដែលប​ណ្តាលឱ្យសត្វគោងាប់អស់ចំនួនបីក្បាល និងកំពុងតែ​ឆ្លងជំងឺទៅគោជាច្រើនក្បាលទៀតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្ល​ង់វែង ខេត្តឧត្តរមានជ័យ ។ក្រសួងអះអាងថា ករណីនេះគឺជាការពុលកាកសំណល់ថ្នាំពុលកសិកម្ម មិនមែនជាជំងឺនោះឡើយ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី​១ ខែឧសភាថា ​ករណីនេះ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីចំនួនបីនាក់ និងភ្នាក់ងារសុខភាពសត្វភូមិដែល​ប្រចាំ​ឃុំលំទងមួយនាក់ បានចុះត្រួតពិនិត្យ​ និង​អន្តរាគមន៍ករណីសត្វគោឈឺ និងងាប់ ដែលមានម្ចាស់សត្វឈ្មោះ ប៉ែន នួន ។ជាលទ្ធផល និងដាក់ការសន្និដ្ឋានជាបឋម គឺជាការពុលកាកសំណល់ថ្នាំពុលកសិកម្ម។

កញ្ញា បានបន្តថា មានសត្វគោចំនួនបីក្បាល ក្នុងចំណោមគោសរុប ៣៨ ក្បាល បានងាប់ជាបន្តបន្ទាប់ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ។ រួមមាន ថ្ងៃទី២៥ ខែមេសាគោងាប់ចំនួនមួយក្បាល ដោយមានអាការៈ រឹងជើងដើរមិនរួច ឡើងកម្តៅខ្លាំង និងហើមពោះ។ ចំណែក ថ្ងៃទី២៦ ខែមេសា ​គោងាប់ចំនួនមួយក្បាល ដោយមានអាការៈហើមពោះ ផ្អើលៗ និងប្រកាច់ស្លាប់ និងនៅ​ថ្ងៃទី២៧ ខែមេសា គោងាប់ចំនួនមួយក្បាល មានអាការៈធម្មតា រួចឡើងកម្តៅខ្លាំង និងហើមពោះ និងប្រកាច់ស្លាប់​ដោយសារការបំលាស់ទីសត្វគោចេញពីក្រោលដែលមានបញ្ហាមកក្រោលថ្មីមានចំងាយឆ្ងាយ។

«ក្រោលគោដែលមានបញ្ហា គឺប្រភពទឹកដែលគាត់ឱ្យសត្វគោផឹករួមមានស្រះ, អូរ និងត្រពាំង ដែលនៅវាលទំនាប (បាតខ្ទះ) ក្រោយមានភ្លៀងធ្លាក់នៅថ្ងៃទី២៣ ខែមេសា ​មាន​ហូរទឹកចូលពីតំបន់នានាជុំវិញប្រភពទឹកនោះ ដែលសុទ្ធជាដីចម្ការ មានដាំដំ​ណាំដំឡូងមី, ស្វាយចន្ទី, ស្រូវ និងដំណាំរួមផ្សំផ្សេងៗផងដែរ ក្រោយមួយថ្ងៃបន្ទាប់គោចាប់ផ្តើមមានបញ្ហាតែម្តង»។ នេះបើតាមការបញ្ជាក់​បន្ថែមពីកញ្ញា អ៊ឹម រចនា។

អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា ចំណុចខាងលើជាការផ្តល់ព័ត៌មានពីកម្មករមើលថែសត្វផ្ទាល់ បន្ទាប់មកក្រុមការងារបានធ្វើការព្យាបាលសត្វដែលនៅរស់ទាំង៣៥ក្បាល ដោយធ្វើការចាក់ថ្នាំ Amoxaline La + Atropin + Ketoprofene + Moulti-vitamin ក្នុងនោះផងដែរមន្ត្រីប្រចាំការសត្តឃាតដ្ឋានស្រុកអន្លង់វែង រួមជាមួយភ្នាក់ងារសុខភាពសត្វភូមិបានចុះចា​ក់ព្យាបាលចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រោយទទួលបានព័ត៌មានពីម្ចាស់សត្វភ្លាមៗ។

កញ្ញា អ៊ឹម រចនា ​ប្រាប់ថា ៖ «បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យទីតាំងដែលមានបញ្ហា និងបានពិនិត្យឃើញថាប្រភពទឹកដែ​លគាត់ឱ្យគោផឹកពិតជាមានបញ្ហា ដោយមានពងសត្វគីង្គក់អណ្តែតពេញផ្ទៃទឹក មានសភាពបាតខ្ទះ ដែលងាយឱ្យកាកសំ​ណ​ល់ថ្នាំពុលកសិកម្មហូរមកតាមទឹកភ្លៀងចូលក្នុងប្រភពទឹកនោះ។ចំពោះគោក្នុងភូមិមិនមានឈឺនោះទេ ដោយសារពួកគាត់ចងនៅផ្ទះ ផ្តល់ចំណី និងផ្តល់ទឹកភ្លៀង, ទឹកអណ្តូង និងទឹកស្រះដែលមិនមានទឹកហូរចូលពីប្រភពផ្សេងនោះឡើយ។ ពួកគា​ត់មិនបានលែងនោះទេដោយបារម្ភអំពីបញ្ហាការប្រើប្រាស់ថ្នាំពុលកសិកម្ម ដោយសារបច្ចុប្បន្ន មានការចាប់ផ្តើមដាំដំឡូងមី និងព្រួសស្រូវ»។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីរូបនេះ​ថា ខាងការិយាល័យផលិតកម្ម និងពសុព្យាបាល បានណែនាំតាមបច្ចេកទេសបសុពេទ្យរួ​មមាន៖ ផ្លាស់ប្តូរទីតាំងសត្វ មកកាន់ទីតាំងថ្មី ដើម្បីបង្ខាំងតាមដានអាការៈ និងព្យាបាលបន្ត,ផ្លាស់ប្តូរប្រភពទឹកឲ្យសត្វផឹក ដោ​យត្រូវកំណត់ថាទឹកនោះមានសុវត្ថិភាពដល់សត្វ, ផ្តល់ចំណីដែលមានគុណភាពដល់សត្វស៊ីក្នុងក្រោល មិនឲ្យប្រលែងទៅស៊ីនៅខាងក្រៅ។ ​

ចំពោះព័ត៌មាននៃការងាប់របស់សត្វគោ នៅខេត្តឧត្តរមានជ័យនេះដែរ លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោរាប់រយក្បា​លនៅខេត្តត្បូងឃ្មុំ បានសម្តែងការព្រួយបារម្ភខ្លះដែរ ប៉ុន្តែលោកថា កសិដ្ឋានលោក ក៏ដូចជាខេត្តត្បូងឃ្មុំទាំងមូល មិនទាន់មានលឺ​ករណីនេះនៅឡើយទេ។

លោក ហួត លាង បានប្រាប់ថា ៖ «ខ្ញុំតែងតែសំអាតក្រោលគោរបស់ខ្ញុំជាប្រចាំ និងមានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមក្រោលគោជានិច្ច​ ដូច្នេះគោខ្ញុំចិញ្ចឹម​មិ​ន​ដែលមានជំងឺ ឬបញ្ហាអ្វីនោះទេ។ ម្យ៉ាងវិញទៀត ដោយទទួលបានការណែនាំពីមន្រ្តីជំនាញជាប្រចាំ ។ខ្ញុំតែងតែចាក់វ៉ាក់សាំងឱ្យគោជាទៀងទាត់រៀងរាល់ប្រាំមួយខែម្តង។ ខ្ញុំសូមសំណូមពរដល់បងប្អូនកសិករយើង បើចង់ចិញ្ចឹមគោឱ្យទទួលបានផលល្អ សូមយកចិត្តទុកដាក់ថែទាំ ដោយចៀសវាងការប្រលែងពាសវាលពាសកាល ដែលនាំសត្វគោយើងមានបញ្ហាឆ្លងជំងឺផ្សេងៗ»៕

ដោយ៖វណ្ណ សុជាតា

ads banner