​កម្ពុជា-ឡាវ ផ្លាស់ប្តូរបទពិសោធន៍គ្នា​លើ​ការគ្រប់គ្រង ​ប្រមូលព័ត៌មាន​ និងរៀបចំផែនការ​ពី​សកម្មភាពមីននៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណ:ប្រតិភូនៃប្រទេសឡាវបានមកធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារលើសកម្មភាពមីននៅកម្ពុជា ដោយបានធ្វើការ​ផ្លាស់ប្តូរបទពិសោធន៍ការងារពាក់ព័ន្ធលើការគ្រប់គ្រង និងប្រមូលព័ត៌មានពី​សកម្ម​ភាពមីន ​ការរៀបចំផែនការ និងការចាត់អាទិភាពសកម្មភាពមីននៅកម្ពុជា។

ការបំពេញ​​ទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍នេះ ធ្វើឡើងបន្ទាប់ពីភាគីឡាវបានធ្វើការស្នើសុំកម្ពុជា និងក្រោមការ​សម្របសម្រួលដោយអង្គការជំនួយប្រជាជន ន័រវែស (NPA) ​កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បាន​ប្រាប់​ឱ្យដឹងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២​០​២៣​ថា  អាជ្ញាធរមីន​កម្ពុជា​បានផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងខាងគណៈប្រតិភូឡាវ លើវិស័យសំខាន់​ៗ ​ទាក់ទងនឹងការបោសសម្អាតគ្រាប់មីន​ ដោយសារ​នៅប្រទេស​ឡាវ ​មានគ្រាប់នៅសេសសល់​ច្រើន ជាពិសេ​ស​​​គ្រាប់បែកចង្កោម​ ។

​ឯកឧត្តមមានប្រសាសន៍ថា ៖  «ប្រទេសកម្ពុជាក៏បានចែករំលែកពីបទពិសោធន៍របស់ខ្លួនជាមួយប្រទេ​ស​ឡាវទាក់ទងនឹងរបៀបនៃការគ្រប់គ្រងវិស័យបោសសម្អាតមីននៅកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាបានចែករំលែកបទពិសោធន៍បណ្ដុះបណ្ដាល អប់រំដល់សហគមន៍មូលដ្ឋានកុំឱ្យមានគ្រោះថ្នាក់ ដោយមានការប្រុងប្រ​យ័ត្នផងដែរ ទៅកាន់ភាគីឡាវផងដែរ»។

បើតាម​អាជ្ញាធរមីនកម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមេសាកន្លងទៅបាន​ឱ្យដឹងថា គណៈប្រតិភូដែលមកផ្លាស់ប្ដូរបទពិសោធន៍ការងារសកម្មភាពមីននេះ មានចំនួន ១៤រូបដែ​លមកពីអាជ្ញាធរសកម្មភាពមីនឡាវ ឬហៅថា NRA LAO PDR ។

ទន្ទឹមនឹងការផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសទាំងពីរនៅពេលនេះ ឯកឧត្តម លី ធុជ ក៏បានប្រាប់​ដែរថា វាពិតជាមានសារសំខាន់ដែលប្រទេសកម្ពុជា និងឡាវ គួរមាន​​ការ​​ផ្លាស់ប្ដូរបទពិសោធន៍ល្អៗជាមួយគ្នា ជាញឹកញា​ប់​ ដើ​ម្បីអាចបោសសម្អាតគ្រាប់​មីននៃ​ប្រទេសទាំងពីរ។

អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាដដែល ក៏បង្ហាញពីក្តីសង្ឃឹម ដោយ​បានលើកឡើងថា ៖ «នៅថ្ងៃអ​នា​គត កម្ពុជាក៏អាចធ្វើទស្សនកិច្ចស្រាវជ្រាវយល់ដឹង រៀនសូត្រពីមិត្តឡាវយើង​ទៅវិញទៅមកផងដែរ តាមរយៈ​ប្រតិបត្តិករដែលសហការជាមួយប្រទេសយើងទាំងពីរ»។

សូមបញ្ជាក់ដែរថា ​កម្ពុជាបាននិងកំពុងបន្តចែករំលែកបទពិសោធន៍ការងារសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅប្រទេសដែលមានបំណងរៀនសូត្រ ខណៈប្រទេសកម្ពុជាជាប្រទេសដែលមានធនធានមនុស្សពោរពេញដោ​យ​បទពិសោធន៍ច្រើនក្នុងការងារសកម្មភាពមីនជាង៣០ឆ្នាំមកនេះ​។

​បើតាម​​ឯកឧត្តម លី ធុជ ​កន្លងមកប្រទេសដែល​ទទួលបាន​ការចែករំលែកនូវ​បទពិសោធន៍ទាក់ទងនឹង​កាងារមី​នពីកម្ពុជា មានដូចជា ប្រទេសភូមា ឡាវ ហ្វីលីពីន កូឡុំប៊ី អ៊ីរ៉ាក់ អ៊ីស្រាអែល អាហ្វហ្គានីស្ថាន និងថ្មីៗនេះ​ កម្ពុជាក៏បានបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញអ៊ុយក្រែនផងដែរ​៕

ដោយ៖ទិត្យ រានុពិចិត្រ

ads banner