ចិន៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប គួរតែផ្ដល់ឱកាសឱ្យប្រទេសតូចៗបញ្ចេញមតិឱ្យច្រើនជាងមុន
ចិន៖ ប្រធានគោលនយោបាយការបរទេសរបស់ប្រទេសចិនលោក វ៉ាង យី បានលើកឡើងកាលពីចុងសប្ដាហ៍ថា ប្រទេសកំពុងអភិវឌ្ឍន៍គួរតែត្រូវបានផ្តល់ឱកាសឱ្យបញ្ចេញមតិច្រើនជាងមុននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post កាលពីថ្ងៃចន្ទ។
ការអំពាវនាវដោយលោក វ៉ាង ធ្វើឡើងខណៈក្រុងប៉េកាំងព្យាយាមទាក់ទាញការគាំទ្រពីប្រទេសតូចៗពោលប្រទេសកំពុងអភិវឌ្ឍន៍ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាមួយលោកខាងលិច។
លោកថ្លែងកាលពីថ្ងៃសៅរ៍ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «កំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខគួរតែរក្សាភាពត្រឹមត្រូវ និងយុត្តិធម៌ បង្កើនតំណាង និងសំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍ អនុញ្ញាតឱ្យប្រទេសតូចៗមានឱកាសកាន់តែច្រើនក្នុងការចូលរួមក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា»។
បន្ថែមពីលើនេះ លោក វ៉ាង បាននិយាយថា ក្រុមប្រឹក្សាគួរតែដោះស្រាយភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រដែលអាហ្វ្រិកជួបប្រទះ។ លោកបានលើកនូវបញ្ហាទាំងអស់នេះនៅក្នុងអំឡុងពេលកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតកូវ៉ែត លោក Tareq Albanai និងឯកអគ្គរដ្ឋទូតអូទ្រីស លោក Alexander Marschik ដែលជាសហប្រធាននៃការចរចាកិច្ចពិភាក្សាស្តីពីកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដែលនឹងរៀបចំទៅនៅខែក្រោយ។
លោក វ៉ាង បានជំរុញឱ្យអ្នកទាំងពីរដឹកនាំភាគីទាំងអស់ឱ្យលុបបំបាត់ការជ្រៀតជ្រែកនិងបង្កើតការឯកភាពគ្នា។ ដូច្នេះដំណើរការកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។
គួរបញ្ជាក់ថា ជប៉ុន ឥណ្ឌា ប្រេស៊ីល និងអាល្លឺម៉ង់ បាននិងកំពុងជំរុញឱ្យមានអាសនៈអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខ ដែលបច្ចុប្បន្នមានសមាជិកត្រឹមតែ ១៥ ប៉ុណ្ណោះ។ បច្ចុប្បន្នស្ថាប័ននេះ មានសមាជិកអចិន្ត្រៃយ៍ចំនួនប្រាំ គឺ អង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលមានអំណាចក្នុងការវេតូសេចក្ដីសម្រេចចិត្តផ្សេងៗ ខណៈប្រទេស១០ទៀតគ្រាន់តែជាប្រទេសប្ដូរវេនប៉ុណ្ណោះ។
កន្លងមក ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនគាំទ្រការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែមិនបានបញ្ជាក់ពីការចង់បានបែបណាឱ្យលម្អិតនោះទេ។ ប៉ុន្តែចិនធ្លាប់បាននិយាយរួចមកហើយថា កំណែទម្រង់ណាមួយគួរតែផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ នូវការបញ្ចេញមតិកាន់តែច្រើនជាងមុន។
ទោះបីជាពេលនេះ ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកក៏ដោយ ចិននៅតែកំណត់ខ្លួនថាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយដើម្បីពង្រឹងចំណងទំនាក់ទំនងជាមួយបញ្ហាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅអាហ្វ្រិក ចិនបានធ្វើការតស៊ូមតិឱ្យទ្វីបនេះកាន់តែច្រើនឡើងៗ៕
ប្រែសម្រួល៖ហួន ឌីណា