លោក អៀ ចាន់ណា ធ្វើលិខិតនិងវីដេអូសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក អៀ ចាន់ណា ដែលកំពុងជាប់ក្នុងពន្ធនាគារបានសរសេរលិខិតសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លងមក ដោយបានចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុកពីព័ត៌មាននៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំងកាលពីឆ្នាំ២០២០។ លោកក៏ការអនុគ្រោះឱ្យបាននៅក្រៅឃុំ។ ស្របពេលគ្នានេះដែរ សម្ដេចតេជោក៏បានណែនាំទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឱ្យធ្វើការងារនេះជាមួយតុលាការ។

នៅក្នុងលិខិតសុំទោសលោក អៀ ចាន់ណា បានសន្យាថានឹងមិនប្រព្រឹត្តនូវអំពើណាដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនោះទេ។ ជាមួយគ្នានេះ លោក អៀ ចាន់ណា បានសុំសម្តេចតេជោ ហ៊ុន សែន មេត្តាករុណាដល់រូបលោកជួយអន្តរាគមន៍ឱ្យរូបលោកបាននៅក្រៅឃុំដើម្បីបាន មើលថែគ្រួសារ និងធ្វើជាពលរដ្ឋល្អដោយក្តីអនុគ្រោះ។

តាមរយៈវិដេអូ លោក អៀ ចាន់ណា បានសូមទទួលស្គាល់កំហុសឆ្គងនាពេលកន្លងមកដែលនាំឱ្យប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមសម្តេចមេត្តាខន្តីអភ័យទោសចំពោះកំហុសឆ្គងនាពេលកន្លងមក។

បន្ទាប់នេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមតេឡេក្រាមនារសៀលថ្ងៃទី១ ខែឧសភាថា “លោក អៀ ចាន់ណា បានធ្វើការសូមទោសចំពោះកំហុសឆ្គងដូចមានក្នុងវីដេអូ និងលិខិតរបស់គាត់។ខ្ញុំសូមស្នើរឯក ឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បីសុំធានាលោក អៀ ចាន់ណា ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន៕
ដោយ៖ពលជ័យ

ads banner