សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាទទួលជួបប្រធានរដ្ឋសភានេប៉ាល់

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា ប្រធានរដ្ឋសភានេប៉ាល់ និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមដែលបានផ្តល់កិតិ្តយសចូលរួមក្នុងពិធីប្រគល់គោរម្យងារ “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក” (The World Fellowship of Buddhist – The WFB) និង “បណ្ឌិតកិតិ្តយសផ្នែកមនុស្សសាស្រ្ត” ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងពិធីប្រគល់គោរម្យងារជា “ទីប្រឹក្សាជាន់ខ្ពស់” នៃអង្គការពុទ្ធសាសនិកពិភពលោក (WFB) ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ការប្រគល់ជូននូវគោរម្យងារនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាឥស្សរជនដ៏គួរឱ្យគោរពស្ញប់ស្ញែង ដោយសម្តេចបាននាំមកនូវសន្តិភាព ការអភិវឌ្ឍដ៏ខ្លាំងក្លា លើកកម្ពស់សេរីភាពគ្រប់ជំនឿសាសនា លើកគុណតម្លៃមនុស្សជាតិ និងគោរពសិទ្ធិដទៃទៀតស្របតាមគោលការណ៍ជាសកលនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន។ កម្ពុជាជាប្រទេសដែលមានប្រជាជនគោរពព្រះពុទ្ធសាសនាច្រើនជាង៩០% និងបានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយចាត់ទុកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ ស្របពេលដែលកម្ពុជាកំពុងមមារញឹកធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ក្នុងនាមរដ្ឋាភិបាលនេប៉ាល់ និងសភានេប៉ាល់ ឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាប្រទេសនេប៉ាល់ ចូលរួមប្រជុំមហាសន្និបាតសភា AIPA លើកទី៤៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ហើយបានគាំទ្រសភានេប៉ាល់ក្លាយជាសមាជិកសង្កេតការណ៍នៃអន្តរសភាអាស៊ាន AIPA។ ឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទៅកាន់ប្រទេសនេប៉ាល់កាលពីឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាវិញ។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករបស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ គឺជាការបង្ហាញឱ្យឃើញអំពីការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេប៉ាល់-កម្ពុជា។

ឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ បានគាំទ្រឲ្យមានការហោះហើរត្រង់ពីប្រទេសនេប៉ាល់មកប្រទេសកម្ពុជា ដើម្បីនាំមកនូវទេសចរណ៍ និងបង្កើនទំនាក់ទំនងខាងវប្បធម៌និងសាសនា និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសទាំងពីរ ពីព្រោះថា ប្រទេសទាំងពីរមានអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា មានវត្តអារ៉ាម ប្រាង្គប្រាសាទ និងទីកន្លែងសក្ការៈជាច្រើនសម្រាប់គោរពប្រតិបត្តិខាងព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិកាផ្សេងទៀតដូចជាវិស័យអប់រំ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដើម្បីរួមចំណែកដល់វិបុលភាពសម្រាប់ប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់ ក្នុងពេលវេលាសមស្របណាមួយ។ ជាមួយគ្នានោះ ឯកឧត្តមបានអបអរសាទរ និងជូនពរប្រទេសកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពីការភ្ជាប់ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរតាំងពីឆ្នាំ១៩៦៤ ក្រោមស្នាព្រះហស្ត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំនេប៉ាល់ជំនាន់មុន។ ដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជាទំនាក់ទំនងការទូតនេះត្រូវបានកាត់ផ្តាច់មួយរយៈ ហើយបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៩។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់នាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលបានរួមចំណែកដ៏សំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទន្ទឹមគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅនេប៉ាល់ នៅឆ្នាំ២០១៨ ដោយបានចុះហត្ថលេខាលើឯកសារអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំងពីរ ចំនួន៤លើវិស័យ៖ (១) ការដឹកជញ្ជូនតាមផ្លូវអាកាស (២) កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស (៣) កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និង(៤) ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងការទូតនិងផ្លូវការ ហើយក្នុងឱកាសឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នៅឆ្នាំ២០១៩ បានចុះហត្ថលេខាលើឯកសារចំនួន ០២ (១) កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិយោគ និង(២) អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្មនេប៉ាល់។

លិខិតតូបរណ៍ខាងលើនេះ និងយន្តការដែលមានស្រាប់ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយវឌ្ឍនភាព និងវិបុលភាពរវាងប្រទេសយើងទាំងពីរ ហើយខ្ញុំមានជំនឿជាក់ថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងបន្តខិតខំលើកកម្ពស់មិត្តភាពកាន់តែស្និតស្នាល និងមានផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យនយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សាសនា និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា ដែលបានផ្តល់នូវពូជស្រូវមកពីទីក្រុងលុម្ពិនី ជាទីកន្លែងកំណើតរបស់ព្រះពុទ្ធ។ នេះគឺជាការតភ្ជាប់វប្បធម៌ដ៏សំខាន់រវាងប្រទេសយើងទាំងពីរដែលគាំទ្រដល់ការអនុវត្តស្មារតីនៃអនុស្សរណៈយោគយល់គ្នាផ្នែកវប្បធម៌។

សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរប្រទេសនេប៉ាល់ ដែលត្រូវបានកិច្ចប្រជុំពេញអង្គលើកទី៤០ នៃសម័យប្រជុំលើកទី៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័ត្តលើសំណើដំឡើងចំណាត់ថ្នាក់ប្រទេសនេប៉ាល់ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំណូលមធ្យមនៅឆ្នាំ២០២៦។ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ ដែលបានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត AIPA លើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ សម្តេចបានសម្តែងការអបអរសាទររដ្ឋសភានេប៉ាល់ដែលបានក្លាយជាសមាជិក សង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា) ក្នុងឱកាសដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ សម្តេចប្រធានព្រឹទ្ធសភាបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងព្រឹទ្ធសភាកម្ពុជា ជាមួយរដ្ឋសភានេប៉ាល់ ដោយជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកគ្រប់កម្រិត និងបង្កើតក្រុមមិត្តភាពទ្វេភាគីរដ្ឋសភានេប៉ាល់ជាមួយព្រឹទ្ធសភាកម្ពុជា ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអន្តរសភា ដូចជា IPU, AIPA, APPF, APA។

ឆ្លើយតបនឹងការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់ សម្តេចប្រធានព្រឹទ្ធសភាបានទទួលយកសំណើនេះ និងរកពេលវេលាសមស្របណាមួយ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ច។ សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនគណៈប្រតិភូ មានសុខភាពល្អ និងទទួលបាន ជោគជ័យថ្មីៗក្នុងឱកាសស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឺទ្ធសភា

ads banner