ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនសរុបជិត៧០នាក់ ខណៈ១២,៨លាននាក់ទៀត រងផលប៉ះពាល់ដោយសារព្យុះទីហ្វុង ឡេគីម៉ា វាយប្រហារប្រទេសចិន
ចិន៖ ចំនួនអ្នកស្លាប់បន្តកើនឡើងជិត៥០នាក់ និងជាង២០នាក់ទៀតបាត់ខ្លួន ដោយសារការវាយប្រហារពីព្យុះទីហ្វុង ឡេគីម៉ា ដោយវាក៏បានបង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ផងដែរ ដែលធ្វើឲ្យផ្ទះសម្បែងប្រមាណ១ម៉ឺន៣ពាន់ខ្នងដួលរលំ និង១១ម៉ឺន៩ពាន់ខ្នងទៀតរងការបំផ្លិចបំផ្លាញ ខណៈផ្ទៃដីដំណាំយ៉ាងច្រើនសម្បើមក៏ត្រូវបានរងការខូចខាត នេះបើតាមក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន។
ប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សជាង១២,៨លាននាក់ទៀត ក៏បានទទួលរងការប៉ះពាល់ ដោយសារព្យុះទីហ្វុង ឡេគីម៉ា ផងដែរ បន្ទាប់ពីវាបានបោកបក់វាយប្រហារមកដល់ភាគខាងកើតប្រទេសចិនកាលពីសប្តាហ៍មុន ក្នុងគ្រាដែលមនុស្សប្រមាណ២លាននាក់ នៅតាមបណ្តាខេត្តជាច្រើនទៀត ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។
សូមបញ្ជាក់ថា អាជ្ញាធរចិនបានប្រកាសអាសន្នកម្រិតពណ៌ក្រហម ចាប់តាំងពីការត្រៀមសម្រាប់ការវាយប្រហាររបស់ព្យុះទីហ្វុងដ៏កំណាចនេះមកម្ល៉េះ ហើយ ឡេគីម៉ា គឺជាព្យុះដែលមានឥទ្ធិពលជាងគេ ដែលបានបោកបក់មកលើប្រទេសចិនក្នុងឆ្នាំ២០១៩នេះ៕ធ.ដ


