ប្រមុខអង្គការសហប្រជាជាតិព្រមានពីវិបត្តិមនុស្សធម៌ដ៏ធំបំផុតនៅអាហ្វហ្គានីស្ថាន

ដូហា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនី ញ៉ូហ្គូទែរេស នៅថ្ងៃទី០២ ខែឧសភា បានព្រមានថា ប្រទេសអាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹង “វិបត្តិមនុស្សធម៌ដ៏ធំបំផុត” នៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ស្របពេលដែលគាត់បានអំពាវនាវឱ្យផ្តល់មូលនិធិបន្ថែមទៀតសម្រាប់ផែនការឆ្លើយតបផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនី ញ៉ូហ្គូទែរេស បានបញ្ជាក់ថា បច្ចុប្បន្ននេះ ៩៧ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងរស់នៅក្នុងភាពក្រីក្រ ខណៈដែលពីរភាគបីនៃពួកគេកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ ដើម្បីរស់រានមានជីវិតនៅក្នុងឆ្នាំនេះ។

លោកបានព្រមានថា ផែនការឆ្លើយតបផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ ដែលស្វែងរកថវិកាចំនួន៤.៦ពាន់លានដុល្លារ គិតមកទល់ពេលនេះ បានទទួលត្រឹមតែ២៩៤លានដុល្លារប៉ុណ្ណោះ ជាមួយនឹងកង្វះខាត៩៤ភាគរយទៀត។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោក ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា លោកនឹងជួបជាមួយអ្នកតំណាងរដ្ឋាភិបាលតាលីបង់ នៅពេលដែលវាជាពេលវេលាត្រឹមត្រូវដើម្បីធ្វើដូច្នេះ ប៉ុន្តែមិនមែនឥឡូវនេះទេ។ ជាមួយគ្នានេះ លោកក៏បានរិះគន់គោលនយោបាយអវិជ្ជមានរបស់ក្រុមតាលីបង់ចំពោះស្ត្រី និងកុមារីផងដែរ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ហ្គូទែរេស បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯរដ្ឋធានីដូហា ប្រទេសកាតា បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររយៈពេលពីរថ្ងៃ ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ជាមួយបេសកជនពិសេសមកពីប្រទេសជាង ២០ និងអង្គការអន្តរជាតិ រួមទាំងប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner