រថភ្លើងទី២ របស់រុស្ស៊ីរងការវាយប្រហារដោយគ្រឿងផ្ទុះក្បែរព្រំដែនអ៊ុយក្រែន
មូស្គូ៖ គ្រឿងផ្ទុះត្រូវបានគេដាក់បំផ្ទុះនៅលើផ្លូវរថភ្លើងដឹកទំនិញរបស់រុស្ស៊ីមួយខ្សែ មានទីតាំងស្ថិតនៅក្នុងតំបន់ជាប់ព្រំដែនអ៊ុយក្រែន នៅថ្ងៃទី០២ ខែឧសភា ខណៈដែលគ្រោះថ្នាក់ស្រដៀងគ្នានេះបានកើតឡើងជាលើកទី២ហើយ មុនការវាយលុកដែលរំពឹងទុកដោយអ៊ុយក្រែន។
លោក Alexander Bogomaz អភិបាលក្រុង Bryansk ភាគខាងលិចនៃប្រទេសរុស្ស៊ី បាននិយាយថា រថភ្លើងមួយខ្សែនេះបានក្រឡាប់ដោយសារគ្រឿងផ្ទុះមិនស្គាល់អត្តសញ្ញាណ ហើយថា វាបានផ្ទុះឡើងនៅឯស្ថានីយ៍ Snezhetskaya នៅខាងក្រៅមជ្ឈមណ្ឌលក្នុងតំបន់នៃក្រុង Bryansk ដែលជាទីក្រុងមានមនុស្សរស់នៅប្រហែល៣៧០,០០០នាក់ នៅជិតព្រំដែនអ៊ុយក្រែន និងបេឡារុស។
លោកថា គ្រោះថ្នាក់នេះមិនបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសនោះទេ។ ដោយឡែកកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហេតុការណ៍ផ្ទុះស្រដៀងគ្នានេះដែរ ក៏បានធ្វើឲ្យរថភ្លើងមួយខ្សែក្រឡាប់ និងឆេះនៅជិតក្រុង Unecha ក្នុងតំបន់តែមួយ ប៉ុន្តែនៅជិតព្រំដែនអ៊ុយក្រែន។ ទឹកដីរុស្ស៊ី និងគ្រីមៀ ដែលដាក់បញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ២០១៤ បានរងការវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ជាក់ស្តែងក្នុងរយៈពេលបួនថ្ងៃចុងក្រោយនេះ គេសង្កេតឃើញរថភ្លើងចំនួនពីរខ្សែបានក្រឡាប់ ដោយសារគ្រឿងផ្ទុះ និងយន្តហោះដ្រូន ដែលគេសង្ស័យថា បានបុកឃ្លាំងប្រេងនៅតំបន់គ្រីមៀ ដែលបណ្តាលឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាញផ្គត់ផ្គង់ថាមពលត្រូវបានឆាបឆេះនៅជិតទីក្រុង Saint Petersburg។
ការវាយប្រហារខាងលើនេះ បានកើតឡើងនៅពេលដែលប្រទេសរុស្ស៊ីត្រៀមរៀបចំដើម្បីអបអរសាទរថ្ងៃទី៩ ខែឧសភា ជាថ្ងៃបុណ្យរំលឹកដល់ជ័យជំនះរបស់សូវៀតលើពួកណាស៊ី ដែលបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងអំឡុងការគ្រប់គ្រងអំណាចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
