អ្នកគាំទ្រវិស័យកីឡា និងពលរដ្ឋខេត្តបាត់ដំបង បានចូលរួមទស្សនាការប្រកួតបាល់ទាត់ តាមរយៈការដាក់បញ្ចាំងស្លាយ បន្តផ្ទាល់យ៉ាងច្រើនកុះករ
ខេត្តបាត់ដំបង ៖ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានកំណត់រៀបចំការដាក់បញ្ចាំងស្លាយបន្តផ្ទាល់ពីការឡាយនៃព្រឹត្តិការណ៍ក្នុងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ តាមរយៈការបញ្ចាំងស្លាយជូនពលរដ្ឋតាមទីប្រជុំជនសំខាន់ៗចំនួន៤គោលដៅក្នុងខេត្ត និងនៅតាមបណ្តាស្រុក-ក្រុងមួយចំនួនទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនិងសាធារណជនទូទៅបានទស្សនា ។

ជាក់ស្តែងក្នុងការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស(ពូលA)នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ រវាងក្រុមកីឡាករជាតិកម្ពុជា និងក្រុមកីឡាករហ្វីលីពីន នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក៏មានប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះករបានចូលរួមទស្សនា តាមរយៈការបញ្ចាំងស្លាយ នៅតាមទីតាំងមួយចំនួន ដែលរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀបចំ។

តាមរយៈបងប្អូនយុវជនដែលជាអ្នកស្នេហានិងគាំទ្រវិស័យកីឡា ពួកគេក៏បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន យ៉ាងរំភើបរីករាយយ៉ាងក្រៃលែង ដែលពួកគេបានឃើញនូវព្រឹត្តិការណ៍មួយនេះដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នេះ ។ ព្រមជាមួយនិងការបង្ហាញពីការគាំទ្រយ៉ាងក្លៀវក្លាចំពោះក្រុមកីឡាករជាតិកម្ពុជារបស់ខ្លួន ដោយបានលើកឡើងថា៖ បើទោះបីពួកគេមិនបានចូលរួមទស្សនាផ្ទាល់ក៏ពិតមែន តែការមកទស្សនានៃផ្សាយបន្តផ្ទាល់តាមរយៈការបញ្ចាំងស្លាយដែលរៀបចំដោយអាជ្ញាធរខេត្តពួកគេពិតជាអរគុណចំពោះអាជ្ញាធរខេត្តដែលបានបង្កលក្ខណៈឲ្យប្រជាពលរដ្ឋទូទៅបានមកចូលទស្សនា នៅទីនេះ ។

សូមបញ្ជាក់ផងដែរថា៖ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ក្នុងឆ្នាំ២០២៣នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់គ្រប់អាជ្ញាធរ ក្រុង ស្រុកទាំងអស់ឱ្យរៀបចំការការដាក់បញ្ចាំងស្លាយ LED ដើម្បីចាក់ផ្សាយបន្តផ្ទាល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនបានទស្សនា នៅក្នុងមូលដ្ឋានខ្លួននីមួយពីព្រឹត្តិការណ៍ជាតិដ៏កម្រមួយនេះ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ៕


( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )