វិញ្ញាសាបាល់ទះក្នុងសាលផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ចាប់ផ្ដើមប្រកួតនៅថ្ងៃនេះ
ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងបើកជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។ មុនពិធីបើកជាផ្លូវការ ការប្រកួតកីឡាបាល់ទះក្នុងសាល ផ្នែកបុរស នឹងចាប់ផ្ដើមនៅល្ងាចនេះ ដោយមាន ២ប្រកួត ក្នុងនោះក្រុមជម្រើសជាតិបាល់ទះកម្ពុជា ក្នុងនាមម្ចាស់ផ្ទះ និងជាម្ចាស់មេដាយសំរឹទ្ធ កាលពីស៊ីហ្គេមលើកទី៣១ ត្រូវប្រកួតដំបូងក្នុងពូល B ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាវេលាម៉ោង ៧ និង ៣០នាទីយប់ ក្រោយជំនួបរវាងក្រុមម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី៣១ ឥណ្ឌូនេស៊ី ជាមួយក្រុមជម្រើសជាតិហ្វីលីពីន នាម៉ោង ២ និង ៣០នាទីរសៀល ។
ចំពោះកម្មវិធីប្រកួតដំបូងក្នុងពូល A លើវិញ្ញាសាបាល់ទះបុរសក្នុងសាលនេះ គឺក្រុមជម្រើសជាតិម៉ាឡេស៊ី ត្រូវជួបក្រុមជម្រើសជាតិថៃ នាវេលាម៉ោង ១២ថ្ងៃត្រង់ មុនឈានដល់ការប្រកួតគូបន្ទាប់ក្នុងពូល រវាងក្រុមម្ចាស់មេដាយប្រាក់ គឺក្រុមជម្រើសជាតិវៀតណាម ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាម៉ោង ៥ល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ។

សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាលនេះ គ្រោងធ្វើការប្រកួត ៥ថ្ងៃ ពីថ្ងៃទី៣-៨ ខែឧសភា(លើកលែងថ្ងៃទី៥-ឧសភា ត្រូវសម្រាកក្នុងឱកាសបើកការប្រកួតស៊ីហ្គេម) ។ ការប្រកួតប្រើរូបមន្ដវិលជុំសន្សំពិន្ទុក្នុងពូល ហើយក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវប្រកួតខ្វែង ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមមេដាយមាស។
សូមរំលឹកថា កាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលមេដាយសំរិទ្ធ ក្រោយយកឈ្នះក្រុមថៃ ៣សិត ទល់នឹង ២សិត ។

ដោយឡែកការរៀបចំមុនព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២នេះ ក្រុមបាល់ទះម្ចាស់ផ្ទះកម្ពុជា បានត្រៀមខ្លួនយ៉ាងល្អផងដែរ ក្នុងនោះសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញជំនឿចិត្តក្នុងការស្វែងរកមេដាយល្អ ជាងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម ។ អស់រយៈកាលជាង ៤០ឆ្នាំហើយ ដែលកម្ពុជាខកខាន ក្នុងការដណ្ដើមបាន មេដាយ តែក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ បាល់ទះកម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តឡើងវិញ ដោយប្រជែងបាន មេដាយសំរិទ្ធ។ មេដាយសំរិទ្ធនេះហើយ ដែលបានចាប់បង្ខំឲ្យក្រុមជម្រើសជាតិកម្ពុជា កាន់តែមានទឹកចិត្ត និងខិតខំបង្កើននូវគុណភាព សមត្ថភាពរបស់កីឡាបន្ថែមទៀត។
សម្រាប់ការប្រកួតជាមិត្តភាពកន្លងមកនេះ កម្ពុជា បានប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសឹង្ហបូរី ដោយបានទទួលជ័យជំនះផងដែរ ។ ជាមួយគ្នានេះ ក្រុមកម្ពុជា ក៏បានយកឈ្នះលើក្រុមជម្រើសយុវជនគុយបាផងដែរ។ ដោយឡែកសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំបារាំង ក្រុមកម្ពុជា បានប្រកួតចាញ់ ១ជើង និងឈ្នះ ១ជើង ដែលបានបង្ហាញថា អ្វីៗពិតជាមានការអភិវឌ្ឍមែន។ ទន្ទឹមនឹងនេះដែរ ក្រុមកីឡាបាល់ទះកម្ពុជា ក៏បានចេញទៅប្រកួតពានមិត្តភាព Tri-Nation Cup នៅម៉ាឡេស៊ីផងដែរ ដោយមាន ៣ប្រទេសចូលរួម មានកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងនោះក្រុមបាល់ទះកម្ពុជា ប្រកួតបើកឆាក ចាញ់ម៉ាឡេស៊ី A ៣-០ សិត, ប្រកួតបន្ទាប់ ក្រុមបាល់ទះកម្ពុជា ឈ្នះសិង្ហបុរី ៣-១ និងក្រុមកម្ពុជា បន្តឈ្នះម៉ាឡេស៊ី B ក្នុងលទ្ធផល ៣-០។ សម្រាប់ការប្រកួតចុង ក្រុមកម្ពុជា បានត្រឹមលេខ២ ក្នុងពានមិត្តភាពព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 ក្រោយចាញ់ម្ចាស់ ម៉ាឡេស៊ី A ១-៣ សិត ។

បន្ទាប់ពីចប់ការប្រកួតពានមិត្តភាពព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 ក្រុមកម្ពុជា បានប្រកួតមិត្តភាពយកឈ្នះលើក្លិបខេត្តសានតុង របស់ចិន ដែលជាក្រុមជាប់ចំណាត់ថ្នាក់លេខ២ ក្នុង League បាល់ទះ នៃប្រទេសចិនទាំង២ជើង ដែលជើងទី១ លទ្ធផលកម្ពុជា ឈ្នះ៣សិតទល់១ និងជើងទី២ កម្ពុជាឈ្នះ ៣សិតទល់០ នោះ បានបង្ហាញថា ការត្រៀមខ្លួនរបស់ ក្រុមបាល់ទះកម្ពុជា សម្រាប់ស៊ីហ្គេម ពិតជាធ្វើបានល្អ។
ពេលនេះ បាល់ទះកម្ពុជា កំពុងតែស្ថិតក្នុងសករាជថ្មីមួយ នៃការល្បងសមត្ថភាព ជាមួយក្រុមខ្លាំងៗ មកពីអឺរុប អាមេរិកឡាទីន ទ្វីបអាស៊ី និងប្រទេសក្នុងតំបន់ ដែលកម្ពុជា សុទ្ធតែធ្វើបានល្អ។ ប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់ការជឿជាក់ថា ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បាល់ទះមានសង្ឃឹមថា រកបានមេដាយដែលល្អជាងមុន។


ខណៈដែលវិស័យកីឡា ជាពិសេសបច្ចេកវិទ្យាឌីជីថល កំពុងតែមានការរីកចម្រើន ក្នុងនោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ សម្រាប់វិញ្ញាសាបាល់ទះក្នុងសាល ម្ចាស់ផ្ទះកម្ពុជា បានបំពាក់ម៉ាស៊ីនទំនើប Videos Challenge System ដែលជាបច្ចេកវិទ្យាពីប្រទេសអ៊ីតាលី ដើម្បីជំនួយដល់ការកាត់សេចក្ដីដល់អាជ្ញាកណ្ដាល ប្រកបដោយភាពសុក្រិត យុត្តិធម៌ ៕ ដោយ វណ្ណលុក