ព្រះអគ្គិកីឡាបានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរទៅកាន់ខេត្តសៀមរាបនៅព្រឹកថ្ងៃទី៣ខែ ឧសភា
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣នេះ ព្រះអគ្គិ័កីឡានិមិត្តរូបព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ហ្គេមលើកទី១២ ឆ្នាំ២០២៣ បានដង្ហែចេញពីវត្តគិរីជុំចំការខ្នុរ ស្ថិតនៅក្នុង សិរីសោភ័ណឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ។ពិធីដង្ហែនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជាអ្នកទទួលព្រះអគ្គិកីឡាពីព្រះចៅអធិកាវត្តបន្តដង្ហែដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប នៅចំណុចស្ពានតាប៉ុន ស្រុកក្រឡាញ់ ខេត្តសៀមរាបរួចប្រគល់ជូនទៅអភិបាលរងខេត្តសៀមរាប និងបន្តក្បួនដង្ហែចូលទៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
តាមការគ្រោងទុកពេលក្បួនដង្ហែព្រះអាគ្គិកីឡាដង្ហែដល់ក្រុងសៀមរាប សម្រាកទទួលទានអាហារថ្ងៃត្រង់ លុះម៉ោង២រសៀលជួបជុំក្បួនរត់នៅមុខចំណុចភោជនីយដ្ឋានបន្ទាយស្រី ដើម្បីដង្ហែព្រះអគ្គិកីឡាមកវេទិការប្រារព្ធពិធីនៅសួនហាត់ប្រាណព្រះរាជដំណាក់ ដោយមានការទទួលស្វាគមន៍ពីប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងកីឡាករកីឡាការិនី ហើយ ព្រះអគ្គិកីឡានឹងប្រគល់ជូនដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOCក្នុងប្រទេសកម្ពុជា ជូន ឯកឧត្តម ទៀ សីហា ។

បន្ទាប់ពីប្រារព្ធពិធីនៅសួនហាត់ប្រាណព្រះរាជដំណាក់ ឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំដង្ហែព្រះអគ្គិកីឡារត់ជុំវិញទីប្រជុំជនក្នុងក្រុងរួចយកទៅតម្គល់រក្សាទុកក្នុងវត្តរាជបូរណ៍ ដោយមានរៀបចំពិធីសាសនានិងបាញ់កាំជ្រូកផងដែរ៕






រូបភាព រិន រចនា អត្ថបទ៖ ជាវ ចន្ធូ