រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ៖ កម្ពុជា ចំណាយថវិកាកន្លះលានដុល្លារ ដើម្បីបំពាក់ វ៉ាយហ្វាយ សាធារណៈ ប្រើប្រាស់ដោយឥតគិតថ្លៃ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ និងអូឡាំពិកនៃព្រឹត្ដិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំ ហេដ្ឋា រចនា សម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍និងក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានចំណាយ ថវិកាប្រហែល៥០ម៉ឺនដុល្លារ ដើម្បីបំពាក់ WiFi សាធារណៈដោយឥតគិតថ្លៃ (Public WiFi) នៅពហុកីឡដ្ឋានជាតិមរតកតេជោនិងពហុកីឡដ្ឋានជាតិ អូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។


ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្រសួង បានបំពាក់ពីរ កន្លែងធំៗ សំខាន់ៗ ទី១៖ ពហុកីឡដ្ឋានជាតិ មរតកតេជោ និងទី២៖ ពហុកីឡដ្ឋានជាតិអូឡាំពិក, ក្រសួងបានបំពាក់ Public WiFi ដែលប្រើប្រាស់ថវិកា ប្រហែល៥០ម៉ឺនដុល្លារ សម្រាប់អ្នកប្រើប្រាស់។ឯកឧត្តមបន្តថា ដើម្បីប្រើ Public WiFi នេះ អ្នកចូលរួមគ្រាន់តែស្កេន QR Code នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi នោះនឹងអាចប្រើប្រាស់ WiFi បានភ្លាមៗ។
បន្ថែមពីនោះទៀត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា Public WiFi នៅពហុកីឡដ្ឋានជាតិទាំង២នេះ គឺអត់មានបញ្ហាអ្វីនោះទេ ក្នុងរយៈពេលព្រឹត្ដិការណ៍ស៊ីហ្គេម។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍គួសបញ្ជាក់ផងដែរថា ចំណែកឯការប្រើប្រាស់ សម្រាប់ការផ្សាយចេញក្រៅប្រទេស គឺក្រសួងប្រៃសណីយ៍ បានចរន្ដក្រុមហ៊ុនខ្សែកាបមួយចំនួន និងក្រុមហ៊ុនរដ្ឋ ចូលតទៅពហុកីឡដ្ឋានជាតិទាំង២នេះ ដោយអត់មានបញ្ហានោះទេ នូវសមត្ថភាពបញ្ចូលខ្សែអ៊ីនធឺណិត និងបង្គោលអង់តែន នៅទីនោះ៕





អត្ថបទ៖ រូបភាព ង៉ាន់ ទិត្យ