អ៊ុយក្រែន ប្ដេជ្ញាថា នឹងការពារទីក្រុងបាកមូត ពីការវាយលុករបស់រុស្ស៊ី
កៀវ៖ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ក្រុមយោធាអ៊ុយក្រែនបានធ្វើការប្ដេជ្ញាយ៉ាងមុតមាំថា ខ្លួននឹងមិនបោះបង់ទីក្រុងបាកមូត(Bakhmut)ដែលស្ថិតនៅភាគខាងកើតប្រទេសចោលនោះទេ ខណៈដែលកំពុងរៀបចំបើកការប្រយុទ្ធតបតជាមួយនឹងកងទ័ពរបស់រុស្ស៊ី។
លោក អូឡេសានដ៍ ស៊ីស្គី (Oleksandr Syrskyi) អគ្គមេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់ទីក្រុងបាកមូតមួយនេះ ហើយលោកសង្ឃឹមថាការវាយប្រហារការពារទីក្រុងនេះ នឹងអាចជួយឱ្យស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនមានការផ្លាស់ប្ដូរ។
សង្គ្រាមនៅតំបន់ទីក្រុងបាកមូតមានសារៈសំខាន់ខ្លាំងដូចគ្នាចំពោះភាគីទាំងពីរ។រហូតមកទល់ពេលនេះ អ៊ុយក្រែននៅតែអាចបន្តគ្រប់គ្រងតំបន់មួយផ្នែកធំនៃទីក្រុង បន្ទាប់ពីបានប្រយុទ្ធគ្នាយ៉ាងចាស់ដៃជាមួយទាហានរុស្ស៊ី និងទានហានស៊ីឈ្នួលមករបស់ក្រុមហ៊ុនសកម្មប្រយុទ្ធ វ៉េហ្គណឺ (Wagner)។
លោក ស៊ីស្គី បានថ្លែងបន្ទាប់ពីបានធ្វើដំណើរចុះទៅត្រួតពិនិត្យស្ថានការណ៍នៅទីក្រុងបាកមូតថា តាមរយៈការរួមដៃគ្នាជាមួយបណ្ដាមេបញ្ជាការកងទ័ព យើងបានធ្វើការសម្រេចចិត្តទៅលើបញ្ហាសំខាន់ៗជាច្រើន ធ្វើយ៉ាងណាដើម្បីអាចការពារទីក្រុងមួយនេះបាន និងការវាយបកទៅកាន់សត្រូវប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបង្ខំឱ្យសត្រូវចុះចាញ់។
យោងតាមវីដេអូមួយ លោកបាននិយាយទៅកាន់កងទ័ពអ៊ុយក្រែនជាច្រើននាក់ថា យើងត្រូវតែបន្តខំប្រឹងបន្ថែមទៀត ដើម្បីអាចការពារទីក្រុងបាកមូតឱ្យបាន ដោយត្រូវវាយកម្ទេចក្រុមទាហានស៊ីឈ្នួល វ៉េហ្គណឺ និងក្រុមទាហានរបស់រុស្ស៊ីជាច្រើនអង្គភាព បើទោះបីជាមានការព្យាករណ៍មិនសូវល្អអំពីលទ្ធផលក៏ដោយ។
លោកបន្តថា ៖ «យើងកំពុងរក្សាកម្លាំង និងត្រៀមខ្លួនឱ្យបានរួចរាល់ ហើយយើងនឹងបន្តចេញប្រតិបត្តិការសកម្មភាពជាបន្តបន្ទាប់នៅថ្ងៃខាងមុខ»។
កាលពីថ្ងៃអាទិត្យលោក ស៊ីស្គី បានលើកឡើងថា កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយបណ្ដេញក្រុមទាហានរុស្ស៊ីចេញពីតំបន់មួយចំនួននៅទីក្រុងបាកមូត។ ដោយឡែក ក្រុមទាហានស៊ីឈ្នួល វ៉េហ្គណឺ បានអះអាងថាកងកម្លាំងរបស់ពួកគេកំពុងវិវត្តទៅមុខប្រកបដោយភាពវិជ្ជមាន។
គួរបញ្ជាក់ដែរថា រុស្ស៊ីកំពុងមើលឃើញថាការវាយយកទីក្រុងបាកមូត ដែលជាទីក្រុងធ្លាប់មានមនុស្សរស់នៅប្រមាណជា ៧ ម៉ឺននាក់ ថាជាជំហានទីមួយក្នុងការឈានឆ្ពោះទៅវាយប្រហារយកទីក្រុងរបស់អ៊ុយក្រែនផ្សេងទៀត។
រដ្ឋាភិបាលក្រុងគៀវ (Kyiv)ត្រូវបានគេរំពឹងថានឹងចេញប្រតិបត្តិការវាយបកវិញ ដោយសង្ឃឹមថានឹងអាចដណ្ដើមយកបានមកវិញនូវទឹកដីដែលត្រូវបានទាហានរុស្ស៊ីវាយកាន់កាប់បានមួយចំនួនចាប់តាំងពីការចាប់ផ្ដើមឈ្លានពាននៅខែកុម្ភៈ ឆ្នាំ២០២២។ បន្ថែមលើនេះកាលពីថ្ងៃចន្ទ សេតវិមានអាមេរិកបានលើកឡើងថា រុស្ស៊ីបានប្រើប្រាស់គ្រឿងសព្វាវុធអស់ជាច្រើន ហើយអាចនឹងកំពុងខ្វះខាត មិនត្រឹមតែប៉ុណ្ណោះ កម្លាំងទាហានរុស្ស៊ីប្រហែល ១០ម៉ឺននាក់បានស្លាប់ ឬរបួសនៅអ៊ុយក្រែនក្នុងរយៈពេលប្រាំខែកន្លងមកនេះ៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ As counteroffensive looms, Ukraine vows not to give up Bakhmut