អូស្ត្រាលីដាក់ចេញវិធានការហាមឃាត់ការជក់បារីអេឡិចត្រូនិក
កង់បេរ៉ា៖ប្រទេសអូស្ត្រាលីនឹងដាក់ចេញវិធានការហាមឃាត់ការជក់បារីអេឡិចត្រូនិកឬហៅថា “វ៉ែប” ដោយអ្នកជំនាញបានលើកឡើងថា ការជក់បារីអេឡិចត្រូនិកនេះកំពុងមានការរីករាលដាលខ្លាំង។ យ៉ាងណាក៏ដោយ ការដាក់លក់នៅតែអាចធ្វើទៅបានប៉ុន្តែត្រូវមានការណែនាំពីស្តង់ដារគុណភាពអប្បបរមានិងអាចលក់បានតែនៅឱសថស្ថានតែប៉ុណ្ណោះ។
ជាទូទៅ សារជាតិនីកូទីនដែលមាននៅក្នុងបារីប្រភេទនេះ ត្រូវតម្រូវឱ្យមានវេជ្ជបញ្ជាពីគ្រូពេទ្យឱ្យបានច្បាស់លាស់ ប៉ុន្តែឧស្សាហកម្មផលិតបារីនេះហាក់មិនទាន់ធ្វើបានតាមការណែនាំ ហើយទីផ្សារងងឹតទៀតសោត ក៏កំពុងរីកដុះដាលដូចគ្នា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី លោក ម៉ាក បាតឡឺ (Mark Butler)មានប្រសាសន៍ថា ៖ «ផលិតផលទាំងនេះកំពុងធ្វើឱ្យអ្នកញៀនជាតិនីកូទីនកាន់តែច្រើននៅប្រទេសអូស្ត្រាលី ជាពិសេសមនុស្សជំនាន់ក្រោយ»។ គួរដឹងដែរថា បារីអេឡិចត្រូនិក ជាបារីដែលដុតកម្តៅអង្គធាតុរាវ និងជាធម្មតា វាមានផ្ទុកសារជាតិនីកូទីន។ វាអាចបញ្ចេញចំហាយផ្សែង នៅពេលអ្នកប្រើប្រាស់ស្រូបខ្យល់ចូល។ បារីនេះត្រូវបានគេយល់ឃើញថាជាផលិតផលប្រើសម្រាប់ជួយដល់អ្នកជក់បារី ឱ្យឈប់ជក់បារីបាន។
ជាទូទៅ បារីអេឡិចត្រូនិក ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពជាងបារីធម្មតា ព្រោះវាមិនមានថ្នាំជក់ដែលបង្កគ្រោះថ្នាក់នោះទេ។ ជាក់ស្ដែង អង់គ្លេសថែមទាំងបានចែកចាយដល់អ្នកជក់បារីមួយចំនួនដោយឥតគិតថ្លៃដើម្បីឱ្យពួកគេកាត់ផ្ដាច់ការជក់បារីធម្មតា។ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពបានណែនាំថា បារីអេឡិចត្រូនិកមិនមែនមិនមានគ្រោះថ្នាក់ទាំងស្រុងនោះទេ ព្រោះវាអាចផ្ទុកសារធាតុគីមី ហើយផលប៉ះពាល់ក្នុងរយៈពេលវែងពីការប្រើប្រាស់ ក៏មិនទាន់មានការស្រាវជ្រាវឱ្យដឹងច្បាស់នៅឡើយទេ។
បន្ថែមលើនេះ រដ្ឋាភិបាលអូស្ត្រាលីក៏អះអាងថា បារីប្រភេទនេះ ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ពិសេសប៉ះពាល់ដល់យុវជន ដែលភាគច្រើន ពួកគេមិនដែលធ្លាប់បានជក់បារីពីមុនមកនោះទេ។ ការស្រាវជ្រាវមួយបានបង្ហាញថា ជនជាតិអូស្ត្រាលីមួយនាក់ក្នុងចំណោមប្រាំមួយនាក់ដែលមានអាយុពី ១៤ ដល់ ១៧ ឆ្នាំ បានជក់បារីអេឡិចត្រូនិកនេះ និងមួយនាក់ក្នុងចំណោមមនុស្សបួននាក់ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំបានជក់វាដូចគ្នា។
លោក បាតឡឺ ដែលមានអាយុ ៥២ ឆ្នាំបានលើកឡើងថា ៖ «មានតែមួយនាក់ប៉ុណ្ណោះក្នុងចំណោម ៧០ នាក់ដែលអាយុស្មើខ្ញុំ ដែលមានបារីអេឡិចត្រូនិកសម្រាប់ជក់»។ លោកបានបន្តថា អ្នកលក់បារីប្រភេទនេះបានផ្ដោតគោលដៅរបស់ពួកគេទៅកាន់ក្មេងៗ។ មិនត្រឹមតែប៉ុណ្ណោះ បារីនេះក៏អាចរកទិញបានយ៉ាងងាយស្រួលនៅតាមហាងលក់នំឡូលី និងសូកូឡាជាដើម។
អូស្ត្រាលីជាប្រទេសដែលមានច្បាប់ប្រឆាំងការជក់បារីខ្លាំងបំផុតមួយនៅលើពិភពលោក។ ជាក់ស្ដែង អូស្ត្រាលីបានហាមឃាត់មិនឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិកណាដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវឡើយ។ វេជ្ជបញ្ជាពិតជាចាំបាច់ណាស់សម្រាប់បារីប្រភេទនេះ ហើយក៏នឹងត្រូវតម្រូវឱ្យមានការវេចខ្ចប់ដូចទៅនឹងឱសថផងដែរ។ បន្ថែមលើនេះ ច្បាប់រឹតបន្តឹងលើរសជាតិ ពណ៌ ជាតិនីកូទីន និងសារធាតុផ្សំផ្សេងទៀតក៏នឹងត្រូវបានដាក់ចេញឱ្យអនុវត្តទៀតផង។
ក្រុមប្រឹក្សាជំងឺមហារីកបានយល់ឃើញថា វិធានការនេះគឺពិតជាល្អដើម្បីកុំឱ្យប្រវត្តិសាស្រ្តអាចកើតឡើងម្តងទៀតទៅលើប្រជាជនអូស្ត្រាលីជំនាន់ក្រោយ។ ដោយឡែក អ្នកនយោបាយ ស្ថាប័នឧស្សាហកម្ម និងអ្នកជំនាញសុខភាពមួយចំនួនបានយល់ឃើញថា អូស្ត្រាលីគួរតែបន្ធូរបន្ថយច្បាប់របស់ខ្លួន។ រីឯអ្នកផ្សេងទៀត បានសម្តែងការព្រួយបារម្ភថា ការរឹតត្បិតកាន់តែខ្លាំង អាចបណ្ដាលឱ្យមនុស្សកាន់តែច្រើនងាកទៅរកទីផ្សារខុសច្បាប់ដែលមិនមានការគ្រប់គ្រងបានត្រឹមត្រូវ៕
ប្រែសម្រួល៖ធា សុណា