អភិបាលខេត្តកណ្តាលស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងក្រុងដែលទើបបង្កើតថ្មី
កណ្តាល៖ អភិបាលខេត្តកណ្តាលឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋក្នុងក្រុង/ស្រុក ដែលទើបបង្កើតថ្មីដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពើរដ្ឋ និងជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។
ការស្នើនេះបានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង គណ:អភិបាល នៃស្រុកកោះធំ និងគណ:អភិបាលក្រុងសំពៅពូន ដែលជាក្រុងទើបបង្កើតថ្មី កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
បើតាមរដ្ឋបាលខេត្តកណ្តាលឱ្យដឹងនៅថ្ងៃទី៣ ខែឧសភានាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញ និងលើកទឹកចិត្តដល់អភិបាលក្រុង-ស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានបន្តថា ៖ «សូមឱ្យអភិបាលក្រុង-ស្រុកថ្មីត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង»។
ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានប្រគល់ជូន លោក អេង សុវិចិត្រ ដែលត្រូវបានតែងតាំងជាអភិបាលក្រុងសំពៅពូន និងលោក ឆែ វណ្ណឌី ត្រូវបានតែងតាំងជាអភិបាលស្រុកកោះធំ។
តាមរយៈពិធីនេះលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាក្រុងសំពៅពូន និងស្រុកកោះធំ ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងនាឱកាសនោះ ក៏បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំបន្តដឹកនាំ និងគ្រប់គ្រងរដ្ឋបាល ក្រុងសំពៅពូន និងរដ្ឋបាលស្រុកកោះធំឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតផងដែរ។
សូមរម្លឹកដែរថា រដ្ឋាភិបាលកម្ពុជា កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ បានសម្រេចបង្កើតក្រុងថ្មីចំនួន ៣ បន្ថែមទៀត និងពង្រីកស្រុកថ្មី២ បន្ថែមផងដែរ។ ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ស្ថិតក្នុងខេត្តកណ្ដាល រីឯក្រុងឧដុង្គម៉ែជ័យស្ថិតក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ ស្រុកឧដុង្គក៏ត្រូវបានពង្រីកស្រុកមួយបន្ថែមទៀតដែរគឺស្រុកសាមគ្គីមុនីជ័យ ខណៈស្រុកថ្មីមួយទៀតត្រូវបានបង្កើតនៅខេត្តក្រចេះឈ្មោះថា ស្រុកអូរគ្រៀងសែនជ័យ។
ដោយឡែក បើតាមរដ្ឋបាលខេត្តកណ្តាល ក៏បានបញ្ជាក់ដែរថា ដោយសារស្ថានភាពស្រុកកោះធំ មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើន ទើបរាជរដ្ឋាភិបាលបានសម្រេចបំបែក និងបង្កើត ក្រុងសំពៅពូន នៃខេត្តនេះដោយកាត់យកឃុំចំនួន០៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ, ឃុំព្រែកជ្រៃ, ឃុំព្រែកស្ដី, ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។
កន្លងមក ពាក់ព័ន្ធនឹងការបង្កើតក្រុងថ្មីនេះ អ្នកជំនាញផ្នែកអចលនទ្រព្យ និងប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ក្រុងថ្មី ក៏ធ្លាប់បានបង្ហាញការគាំទ្រ ចំពោះផែនការពង្រីកទីក្រុងថ្មីជាបន្តបន្ទាប់របស់រដ្ឋាភិបាលថា នឹងផ្តល់ប្រយោជន៍ច្រើនដល់ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចនាតំបន់ក្រុងថ្មីថែមទៀត។ ទន្ទឹមគ្នានេះ ទាំងអ្នកជំនាញ និងប្រជាពលរដ្ឋនៅតំបន់នោះ ក៏ធ្លាប់បានជំរុញឱ្យរដ្ឋាភិបាលគួរផ្តោតការអភិវឌ្ឍន៍លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ក្រុងថ្មីនោះបន្ថែមទៀត ដើម្បីឱ្យចរន្តអភិវឌ្ឍន៍តំបន់នោះកាន់តែរីកចំរើនឆាប់រហ័ស៕
ដោយ៖សែម ពិសី