អភិបាលខេត្ត ជំរុញឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗ ជាមជ្ឈមណ្ឌលអប់រំពលរដ្ឋឱ្យមានទឹកចិត្ត ធម៌
ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន បានជំរុញនិងលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗ ធ្វើជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ ដើម្បីបញ្ចៀសអំពើហិង្សានានា សំដៅជំរុញអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
ឯកឧត្តមមានប្រសាសន៍ដូចនេះកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តមុនីសាលព្រឹក្ស ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ។
ឯកឧត្តមបានបន្តថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះមានការគោរពសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។ ជាមួយគ្នានេះ លោក ក៏បានជំរុញឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗ ជាមជ្ឈមណ្ឌលអប់រំពលរដ្ឋឱ្យមានទឹកចិត្តប្រកបដោយធម៌។

តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ៖ «ក្នុងនាមរដ្ឋបាលខេត្ត សូមលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ»។
ឆ្លៀតឱកាសនោះដែរលោកក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ដើម្បីទបស្កាត់ និងបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តព្រះសីហនុផងដែរ។
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ខែឧសភាថា សមិទ្ធផលនានាក្នុងវត្តមុនីសាលព្រឹក ដែលមានអាយុកាល ១០០ឆ្នាំកន្លងមកហើយនេះ។ក្នុងនោះ រួមមាន៖ សាលាអនុគណស្រុក សាលាធម្មសភា ព្រះពន្លាជ័យ ជណ្តើកែវ ប្រាសាទតម្តល់ព្រះពុទ្ធរូប រូបបដិមាផ្សេងៗ រូបសំណាកហ្លួងព្រះសេ្តចកន ចង្គ្រានបាយ ខ្លោងទ្វារ ផ្លូវបេតុង វេច្ចកុដិ កែលម្អទីសេនាសនៈនានា និងទីធ្លាក្នុងវត្តចំណាយថវិកាសរុប ២៤៥.៣១៦ដុល្លារអាមេរិក។ សមិទ្ធផលទាំងអស់នេះ នឹងក្លាយទីកន្លែងសម្រាប់តម្តល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការអបរំ និងគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនាថែមទៀត។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានឱ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។

សក្តានុពលខេត្តនេះរួមមាន កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើការ) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបាន ប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ។
មិនតែប៉ុណ្ណោះ ជាខេត្តជាប់សមុទ្រ មានឆ្នេរ និងកោះ និងរមណីយដ្ឋានធម្មជាតិទាក់ទាញ ខេត្តព្រះសីហនុ ក៏មានវត្តអារាមជាទីសក្ការៈសម្រាប់ពលរដ្ឋគោរពបូជា និងកន្លែងប្រារព្ធពិធីបែបសាសនាផ្សេងៗផងដែរ។ បើគិតមកដល់ពេលនេះ ព្រះសីហនុមានវត្តសរុប ៣៨ កន្លែង និងមានមជ្ឍមណ្ឌលវិបស្សនានិងអាស្រមជាច្រើនកន្លែងទៀត៕
ដោយ៖សែម ពិសី