ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ KOSHA គ្រោងនឹងផ្ដល់សម្ភារបរិក្ខានិងឧបករណ៍ សម្រាប់ពេទ្យការងារនៃក្រសួងការងារ
ភ្នំពេញ៖ ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ KOSHA (The Korea Occupational Safety & Health Agency )បានលើកឡើងថា ប្រសិនបើនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានតម្រូវការក្នុងការផ្លាស់ប្ដូរសម្ភារ បរិក្ខា និងឧបករណ៍ចាំបាច់ណាមួយនោះ KOSHA នឹងផ្ដល់ត្រឡប់មកវិញនូវសម្ភារ បរិក្ខា និងឧបករណ៍ដែលមានក្នុងគម្រោងអភិវឌ្ឍផ្លូវការ (ODA)របស់រដ្ឋាភិបាលនៃសាធារណ:រដ្ឋកូរ៉េ។

លោក ឆយ សានយូល(CHOI SANGYUL) អគ្គនាយកនៃវិទ្យាស្ថានបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាពការងារនៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បានលើកឡើងដូច្នេះ នៅកំឡុងពេល ដែលលោកនិងប្រតិភូសាធារណរដ្ឋកូរ៉េ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារលើវឌ្ឍនភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២៣។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក CHOI SANGYUL បានឱ្យដឹងថា គោលបំណងទី១. នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ដឹងអំពីរចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីជ្រើសរើសសម្ភារ បរិក្ខា និងឧបករណ៍សម្រាប់បម្រើក្នុងការបណ្តុះបណ្តាលឱ្យបានសមស្របទៅនឹងបរិបទនៃឧស្សាហកម្មនៅកម្ពុជា សម្រាប់វិទ្យាស្ថាន OSHTI។
លោកបានពន្យល់ថា ៖ «ផ្អែកលើបច្ចុប្បន្នភាពនៃឧស្សាហកម្ម ផលិតកម្មជាចម្បងដែលភាគច្រើន គឺរោងចក្រកាត់ដេរ ផលិត ស្បែកជើង និងរោងចក្រដំឡើងរថយន្ត ដែលត្រូវបានគ្រោងទុក ហើយបើនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ មានតម្រូវការក្នុងការផ្លាស់ប្ដូរសម្ភារ បរិក្ខា និងឧបករណ៍ចាំបាច់ណាមួយនោះ KOSHA នឹងផ្ដល់ត្រឡប់មកវិញនូវសម្ភារ បរិក្ខា និងឧបករណ៍ដែលមានក្នុងគម្រោងអភិវឌ្ឍផ្លូវការ (ODA)របស់រដ្ឋាភិបាលកូរ៉េ»។

លោក CHOI SANGYUL បានបន្តថា សម្រាប់គោលបំណងទី២. គឺការកែលម្អ និងជួសជុលអគារ ប.ស.ស ចាស់ ពីអគារការិយាល័យ ដើម្បីបម្រើការងារបណ្តុះបណ្តាលសម្រាប់វិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ។ ក្នុងនាមជាអ្នកអនុវត្តគម្រោង និងមានបទពិសោធន៍ វិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ត្រូវរៀបចំបណ្តាញចរន្តអគ្គិសនី និងទីតាំងដែលអាចផ្ទុកសម្ភារ បរិក្ខា និងឧបករណ៍ធ្ងន់ៗសម្រាប់រចនាសម្ព័ន្ធរបស់វិទ្យាស្ថាន។
ចំពោះគោលបំណងទី៣. លោកបានបញ្ជាក់ថា៖ «គឺការគ្រប់គ្រងធនធានមនុស្ស មុនពេលបញ្ចប់ការកែលម្អ និងជួសជុលអគារវិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ។ ការរៀបចំផែនការជ្រើសរើសសាស្រ្តាចារ្យ ប្រតិបត្តិការវិទ្យាស្ថានបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ការបណ្ដុះបណ្ដាលបុគ្គលិក ការអភិវឌ្ឍនូវកម្មវិធីសិក្សាមុន យ៉ាងហោចណាស់នៅពាក់កណ្ដាលឆ្នាំ២០២៤»។
ទាក់ទងនឹងពេទ្យការងារនេះដែរឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបើកសិក្ខាសាលាផ្សព្វផ្សាយការជំរុញការអនុវត្ត ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស និងប្រកាសរួម ស្តីពីលក្ខខណ្ឌនិងបេសកកម្មសេវាពេទ្យសហគ្រាស កាលពីចុងខែមេសាកន្លងទៅនេះ បានជំរុញឱ្យមានការការលើកកម្ពស់សេវាពេទ្យសហគ្រាស ប្រកបដោយគុណភាព បានរួមចំណែកបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។

ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមរោងចក្រ សហគ្រាសទាំងអស់ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល នៅនាយកដ្ឋានពេទ្យការងារ មុនពេលប្រកបវិជ្ជាជីវៈ ជាគ្រូពេទ្យសហគ្រាស ផងដែរ។
ឯកឧត្តមមានប្រសាសន៍ថា ៖ «ការជំរុញការលើកកម្ពស់សេវាពេទ្យសហគ្រាសដែលប្រកបដោយ គុណភាព និងប្រសិទ្ធិភាព គឺជាផ្នែកមួយដ៏សំខាន់ណាស់ក្នុងការរួមចំណែកដើម្បីបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយទាមទារចាំបាច់ផងដែរឱ្យមាននីតិវិធី និងគោលការណ៍ណែនាំច្បាស់លាស់ក្នុងការសិក្សាស្រាវជ្រាវ និងការតាមដាន ជំងឺវិជ្ជាជីវៈ ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ចំពោះការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ»។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងនឹងបន្តកិច្ចសហការជាមួយក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ក្នុងការអនុវត្តនូវគម្រោងរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា (OSH Act) ដែលចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ និងគម្រោងរៀបចំវិទ្យាស្ថានបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជា (OSH Training Center) ដែលអនុវត្តនៅក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៤៕ ដោយ៖ វណ្ណ សុជាតា