អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនព្រមព្រៀងគ្នាលើបទឈប់បាញ់ ក្រោយអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាក្នុងភាពតានតឹងចុងក្រោយ

ហ៊្សេរុយសាឡិម៖ កងកម្លាំងអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន នៅព្រឹកថ្ងៃទី៣ ខែឧសភា បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ បន្ទាប់ពីអ៊ីស្រាអែលធ្វើការទម្លាក់គ្រាប់បែកលើតំបន់កាហ្សាស្ទ្រីបកាលពីយប់ថ្ងៃទី២ខែឧសភា ជុំវិញភាពតានតឹងចុងក្រោយ ដែលកើនឡើងបន្ទាប់ពីការស្លាប់របស់លោក Khader Adnan ដែលជាអ្នកទោសប៉ាឡេស្ទីនដ៏ល្បីឈ្មោះម្នាក់ស្ថិតនៅក្រោមការឃុំឃាំងរបស់អ៊ីស្រាអែល។

ប្រភពពីររូបដែលមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បទឈប់បាញ់ទៅវិញទៅមក និងក្នុងពេលដំណាលគ្នា បានចូលជាធរមាននៅម៉ោងប្រមាណ ៣ កន្លះ ទៀបភ្លឺ ក្រោមកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីមន្ត្រីអេហ្ស៊ីប កាតា និងអង្គការសហប្រជាជាតិ។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមជីហាដអ៊ីស្លាម លោក Tareq Selmi ការប្រយុទ្ធគ្នាបានបញ្ចប់ទៅនៅព្រឹកព្រលឹមថ្ងៃពុធ ខណៈក្រុមហាម៉ាស់ ដែលជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយដែរនោះ បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមហាម៉ាសបានចូលរួមកិច្ចពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីប កាតា និងអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ «ការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា»។

ក្រុមហាម៉ាស់បាននិយាយថា មេដឹកនាំក្រុម គឺ លោក Ismail Haniyeh បានជួបពិភាក្សាជាមួយមន្ត្រីនៃប្រទេសទាំង២ (អេហ្ស៊ីប និងកាតា) និងអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ដែលប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ និងរថក្រោះដើម្បីវាយប្រហារលើតំបន់កាហ្សាស្រ្ទីបនៅយប់ថ្ងៃអង្គារ។

គួរបញ្ជាក់ដែរថា សកម្មភាពយោធាអ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាស់ និងជីហាដអ៊ិស្លាម បានបាញ់គ្រាប់រ៉ុក្កែតចេញពីតំបន់កាហ្សាស្ទ្រីបទៅលើអ៊ីស្រាអែលកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីការស្លាប់របស់លោក Adnan ដែលបានធ្វើកូដកម្មបង្អត់អាហាររយៈពេល ៨៧ ថ្ងៃ។

យោធាអ៊ីស្រាអែលបាននិយាយថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុក្កែតយ៉ាងហោចណាស់ ៣០ គ្រាប់ ទៅលើអ៊ីស្រាអែល ដោយមាន២គ្រាប់ធ្លាក់នៅទីក្រុងអ៊ីស្រាអែលភាគខាងត្បូង Sderot ហើយធ្វើឱ្យមនុស្ស៣នាក់រងរបួស។ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស់ និងក្រុមជីហាដអ៊ិស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទាំងនេះ ថាជាការឆ្លើយតបទៅនឹងការស្លាប់របស់លោក Adnan។

ប្រភពមួយរបស់ប៉ាឡេស្ទីនបានប្រាប់ Al Jazeera Arabic ថា បទឈប់បាញ់គឺជាលទ្ធផលនៃភាគីជាច្រើនចូលរួមកិច្ចពិភាក្សា ដើម្បីការពារកុំឱ្យការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់កាហ្សាកើនឡើង។ យ៉ាងណាមិញ គេមិនឃើញមានរបាយការណ៍ពីអ្នកស្លាប់ ឬការខូតខាតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់កាហ្សានៅឡើយទេ គិតត្រឹមព្រឹកថ្ងៃពុធ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។

យោងតាមប្រភពសន្តិសុខ និងសាក្សីនៅប៉ាឡេស្ទីន ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងជាច្រើននៅក្នុងតំបន់ហ្គាហ្សា ដែលមានប្រជាជនជាងពីរលាននាក់រស់នៅ។ លោក Issam Adwan អ្នកកាសែត និងជាអ្នករស់នៅក្នុងតំបន់ បានប្រាប់ Al Jazeera ថា លោកបានឮការផ្ទុះជាច្រើននៅជិតផ្ទះរបស់លោក ហើយថា វាជាការមិនពិតនោះទេដែលកងកម្លាំងអ៊ីស្រាអែលអះអាងថា ការវាយប្រហាររបស់ពួកគេផ្ដោតតែលើទីតាំងយោធា៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner