មន្ត្រីកម្ពុជាមិនភ្លេចខ្លួន និងប្តេជ្ញាចិត្តដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេង នៅឆ្នាំ២០៣០

ភ្នំពេញ៖ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ថា កម្ពុជាបានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាខ្លាំង ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប៉ុន្តែក៏មិនត្រូវភ្លេចខ្លួន និងប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានគោលដៅលើការបញ្ចប់ការរាតត្បាតជំងឺរបេង នៅឆ្នាំ២០៣០។

ឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងបែបនេះកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីបើកកិច្ចសន្ទនាភាពជាដៃគូ និងសម្របសម្រួលកម្រិតជាតិក្នុងដំណើរការឆ្ពោះទៅកាន់កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ស្តីពីជំងឺរបេង ២០២៣។

កិច្ចសន្ទនាភាពជាដៃគូនេះបានផ្តួចផ្តើមសហការរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) នៃក្រសួងសុខាភិបាលកម្ពុជា និងអង្គការខាណា (KHANA) រួមជាមួយភាគីដៃគូ WHO ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) គម្រោងខំមីត (COMMIT) និងអង្គភាព Stop TB Partnership។

ឯកឧត្តមបន្តថាជាង២០ឆ្នាំមុន កម្ពុជា បានស្ថិតនៅក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក ប៉ុន្តែក្នុងរយៈពេលយ៉ាងខ្លី ប្រទេសកម្ពុជាបានក្លាយជាប្រទេសដ៏គំរូមួយសម្រាប់ពិភពលោកក្នុងការងារកំចាត់ជំងឺរបេងជាមួយនឹងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាយើងទទួលបាននូវភាពជោគជ័យជាមួយលទ្ធផលដ៏ល្អប្រសើរ យ៉ាងនេះក៏ដោយ ក៏យើងក៏មិនត្រូវភ្លេចខ្លួននោះទេ ដូចនេះយើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់យើងបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានគោលដៅ លើការបញ្ចប់ការរាតត្បាតជំងឺរបេង នាឆ្នាំ២០៣០ខាងមុខនេះ»។

ឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានបន្តថា ក្នុងន័យនេះ យើងត្រូវផ្តើមចេញពីការវិនិយោគថែមអោយកាន់តែប្រសើរជាងមុន វាងវៃជាងមុន គំនិតផ្តួចផ្តើមថ្មីៗ ជាមួយនឹងឆន្ទៈគោលនយោបាយ និងការដឹកនាំខ្ពស់ រួមបញ្ចូលនឹងការអនុវត្តវីធីសាស្ត្រនានាប្រកបដោយប្រសិទ្ធភាព ដូចជាការឆ្លើយតបជាលក្ខណៈពហុវិស័យ ឬលើសពីវិស័យសុខាភិបាល និងការប្រើមធ្យោបាយឌីជីថល សម្រាប់ការងារឆ្លើយតបជំងឺរបេងនេះ ជាដើម។

ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានឱ្យដឹងថា យោងតាមរបាយការណ៍សាកលស្តីពីជំងឺរបេង ផ្សព្វផ្សាយក្នុងឆ្នាំ២០២១ ដោយអង្គការសុខភាពពិភពលោក កម្ពុជានៅមានចំនួនអ្នកឈឺដោយសារជំងឺរបេង ប្រមាណ ២៧៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋមួយសែននាក់ និងមានអ្នកស្លាប់ចំនួន ២០ នាក់ ក្នុងចំណោមប្រជាពលរដ្ឋមួយសែននាក់ ដែលតួលេខនេះ មានការថយចុះ បើធៀបទៅនឹងឆ្នាំ ២០២០ បើទោះជាមានការកើនឡើងនៃអ្នកស្លាប់។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានធ្វើការស្រាវជ្រាវ និងបានផ្តល់ការថែទាំ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដល់អ្នកជំងឺរបេងប្រមាណជាង៣ម៉ឺននាក់។

លោកបន្តថា ក្នុងឆ្នាំ២០២១ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានធ្វើការស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំដល់អ្នកជំងឺរបេងបានចំនួន ត្រឹមតែ ២១,៥៨៧នាក់ តិចជាងឆ្នាំ ២០២០ ដែលមានចំនួន ២៩,១៣៩ករណី។ បើទោះជាយើងមានការប្រឈមជាមួយនឹងការរាតត្បាតជំងឺកូវីដ១៩ តែសកម្មភាពស្រាវជ្រាវ និងបានផ្តល់សេវាធ្វើរោគ វិនិច្ឆ័យ ព្យាបាល និងថែទាំជំងឺរបេង នៅតែបន្តអនុវត្ត តែស្របតាមគោលការណ៍ និងវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលលើការបង្ការ និងការពារជំងឺកូវីដ១៩ ជាពិសេសការចូលរួមយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិលដៃគូ និងបុគ្គលិកសុខាភិបាល។

លោកបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តជាតិសម្រាប់ឆ្លើយតបនឹងរបេង ជាឯកសារគោល ឬគោលការណ៍ណែនាំជាតិមួយ ដែលផ្តោតលើបទអន្តរាគមន៍ យុទ្ធសាស្ត្រ និងសកម្មភាព រួមជាមួយនឹងក្របខណ្ឌវិនិយោគជាក់លាក់ ក្នុងការឆ្លើយតបនឹងរបេង ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់២០៣០ ដែលក្នុងនោះដែរ ផែនការយុទ្ធសាស្ត្រ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីការលើកកម្ពស់តួនាទី និងការចូលរួម របស់របស់អ្នកជំងឺរបេងក្នុងការឆ្លើយតបទាំងនៅកម្រិតជាតិ និងក្រោមជាតិ៕ អត្ថបទ រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner