ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (Video Inside)
ក្រសួងអប់រំ យុវជន និងកីឡា បានប្រញាប់ចេញសេចក្តីថ្លែងការណ៍មួយ ស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត។ លិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធ ទី៣ ឧសភា បានធ្វើឡើងក្រោយប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានប្រកាសលាចេញពីតំណែង បើសិនជាក្រុមកីឡាបាល់ទាត់U22 ក្រុមជម្រើសជាតិកម្ពុជា មិនអាចឆ្លងផុតវគ្គចែកពូលដំបូងនេះក្នុង ការប្រកួតកីឡាស៊ីហ្គេម។
លិខិតរបស់ក្រសួងអប់រំ យុវជននិងកីឡាបានថ្លែងថារយៈពេលជាង១០ឆ្នាំកន្លងមកនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានជួយយ៉ាងខ្លាំងលើការដុសខាត់លើវិស័យហ្វឹកហ្វឺនកីឡាបាល់ទាត់ ដែលធ្វើឱ្យវិស័យនេះ មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ជាអាទិ៍ សមត្ថភាពកីឡាករ, គ្រូបង្វឹក មន្ត្រីអាជ្ញាកណ្តាល និងក្លឹបបាល់ទាត់អាជីពនានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់និងអន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែលបានសរសេរថាក្នុងការប្រកួតកន្លងមក វិស័យបាល់ទាត់ និងបច្ចេកទេសលេងរបស់កម្ពុជា បានទាក់ទាញទស្សនិកជន ទស្សនាដោយផ្ទាល់ និងទស្សនាតាមប្រព័ន្ធអនឡាញ ភ្លូកទឹកភ្លូកដី និងមានការជឿជាក់ថា បាល់ទាត់កម្ពុជា នឹងឈានដល់ការប្រកួតប្រជែងនៅកម្រិតតំបន់បាន។
សេចក្តីថ្លែងការណ៍បានរំលេចនូវស្នាដៃមិនអាចខ្វះបានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងកិច្ចប្រឹងប្រែងជួយខ្លាំងក្លាលើវិស័យបាលទាត់កម្ពុជានេះ។ សេចក្តីថ្លែងការណ៍បានសរសេរថា «នាយឧត្តមសេនីយ៍ សៅ សុខា បានរៀបចំឱ្យមានទីលានបាល់ទាត់ នៅតាមសាលាតម្រង់ទិសទាំង២៥រាជធានីខេត្ត និងរៀបចំកម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់ នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ ដែលកត្តានេះបានធ្វើឱ្យសិស្សានុសិស្ស និងយុវជនជាច្រើន ចូលរួមហ្វឹកហាត់ និងលេងកីឡាបាល់ទាត់។
សេចក្តីថ្លែងការណ៍បន្តថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ការលេងកីឡាបាល់ទាត់មានសកម្មភាពយ៉ាងផុសផុល ក្នុងស្រទាប់យុវវ័យ នៅតាមទីគ្រប់កន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ចុងក្រោយថា ក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាសគាំទ្រ និងស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត។