បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញមោទនភាពជាតិ ជុំវិញការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ពលរដ្ឋខ្មែរក្នុងពិធីសាសនាមួយ នៅថ្ងៃទី៣ ឧសភាថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ដែលកម្ពុជា កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺជាកិតិ្តយស និងជាមោទនភាពដ៏ធំធេងមួយ សម្រាប់ប្រទេសកម្ពុជា។
ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាការរៀបចំព្រឹត្តិការណ៍កីឡាលើកដំបូង ក្នុងរយៈពេល៦៤ឆ្នាំមកនេះ «មិនមែនជាការចៃដន្យ ប៉ុន្តែជាការគិតគូរម៉ត់ចត់ ល្អិតល្អន់ និងគ្រប់ជ្រុយជ្រោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីលើកកម្ពស់កិត្យានុភាព និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ”។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែកនេះ ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន យ៉ាងប្រទាក់ក្រទ្បា។
លោកបានទាញជាឧទាហរណ៍ជាក់ស្តែង នូវគម្រោងធំៗ របស់រាជរដ្ឋាភិបាល ក្នុងតំបន់ស្រុកលើកដែកនេះ មានដូចជា៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់ផ្លូវល្បឿន-លឿន ភ្នំពេញ-បាវិត នោះជាដើម។
លោកបានបន្តថា គម្រោងទាំងនេះ ក៏នឹងផ្សារភ្ជាប់ស្រុកលើកដែក ទៅតំបន់ឧស្សាហកម្មជុំវិញ ដែលធ្វើឱ្យស្រុកលើកដែកកាន់តែមានសក្តានុពល សម្រាប់សេដ្ឋកិច្ច និងការបង្កើនឱកាសការងារបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។