ពលរដ្ឋកម្ពុជាបង្ហាញការចូលរួមសម្អាតអនាម័យ និង បរិស្ថានស្អាតល្អក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២

ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ ពលរដ្ឋកម្ពុជាបានបង្ហាញពីការចូលរួម និងក៏ដូចជាយល់ដឹងកាន់តែច្រើនឡើងដល់ពីសោភ័ណភាព បរិស្ថានស្អាតក្នុងនាម កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប្រជាជាតិអាស៊ានមួយនេះ។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងក៏ដូចជាចូលរួមលើកស្ទួយ មុខមាត់ សមត្ថភាព និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិនោះ ពលរដ្ឋកម្ពុជា ក៏ដូចជា យុវជនបានលើកឡើងថាការដែលធ្វើឱ្យប្រទេសស្អាតល្អ និងពិសេសចេះទុកដាក់សំរាមបានត្រឹមត្រូវនោះមិនត្រឹមតែជួយលើកស្ទួយសោភ័ណ ភាពប៉ុណ្ណោះទេ គឺថែម ទំាងបានចំណេញខាងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ពិសេសគឺបានចំណេញ ទៅដល់វិស័យទេសចរណ៍ថែមទៀត។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា នឹងចាប់ផ្តើមបើកជាផ្លូវការពីថ្ងៃទី០៥ ខែឧសភា ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា។

កំពុងតែម្នីម្នាដើរចូលទស្សនាការប្រកួតបាល់ទះគូរអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក នារសៀលថ្ងៃទី ០៣ ខែឧសភា កញ្ញា គាំ សុវណ្ណពិសី ជាយុវសិស្សរៀននៅវិទ្យាល័យបុរី១០០ខ្នងស្ថិតនៅក្នុង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ បាននិយាយថាសង្កេតជាទូទៅឃើញថាពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាមច្រើន ហើយបើក្រឡេកមើលទៅទីណាក៏ស្អាតល្អមិនថាទាំងពហុកីឡដ្ឋានឬតាមដងផ្លូវទេ។

ជាមួយគ្នា កញ្ញា ជាយុវសិស្ស រូបនេះអំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់បន្ថែមទៀតទៅលើការទុកដាក់សំរាមក្នុងអំឡុងប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមនេះពីព្រោះកញ្ញាចាត់ទុកថាជាមុខមាត់ប្រទេសជាតិខ្មែរយើង។

ដោយឡែកកញ្ញា រិទ្ធិ ភួងនីរីតា ជាយុវសិស្សរៀននៅវិទ្យាល័យបុរី១០០ខ្នង នេះដែរបានលើកឡើងថានៅក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមនេះពលរដ្ឋគប្បីវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ហើយហាមដាច់ខាតកុំចោលសំរាមពាសវាលកាលដែលនាំឱ្យជះផលអាក្រក់ដល់បរិស្ថានក៏ដូចជាមុខមាត់ប្រទេសជាតិ។

ដោយឡែក យុវជន ហន ភពសុរិន្ទ ជាយុវនិស្សិតនីតិសាស្រ្តប្រចាំនៅរាជធានីភ្នំពេញមួយរូបបាននិយាយថាក្នុងការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះទាំងសោភណ្ឌភាព បរិស្ថានប្រកបដោយភាពល្អប្រសើរ ហើយបើក្រឡេកមើលពីពលរដ្ឋបានយកចិត្តទុកដាក់សំរាមបានល្អច្រើន។ការផ្លា់សប្តូរឥរិយាបទនេះគួរឱ្យលើកទឹកចិត្តនិងកោតសរសើរណាស់។

ទាក់ទិនក្នុងរឿងនេះដែរ កញ្ញាថេងសុធាបញ្ញា ជាយុវនិស្សិត ក្នុងរាជធានីភ្នំពេញបានលើកឡើងដោយបញ្ជាក់ថា មិនថាទីកន្លែងណាទេឃើញថាកម្ពុជាមានការរីកចម្រើនស្ទើរគ្រប់តំបន់ទាំងអស់ ហើយពិសេសជាងនេះគឺ ឥរិយាបទ ទស្សនិក ចូលរួមដោយផ្ទាល់ឧទាហរណ៍ដូចជាការប្រកួតបាល់ទាត់រវាងកម្ពុជាជាមួយប្រទេសទីម័រឬកម្ពុជាប្រកួតជាមួយប្រទេសហ្វីលីពីន នៅពហុកីឡដ្ឋានជាតិ អូឡាំពិកជាដើមគេឃើញថាពលរដ្ឋបានបង្ហាញពីឥរិយាបថយ៉ាងល្អដោយពុំបានចោលសំរាម និងអ្នកខ្លះថែមទាំងចូលរួមប្រមូលសំរាមមកទុកដាក់ក្នុងធុងសំរាមដែលនេះចាត់ទុកថាជាទង្វើគំរូមួយដ៏ល្អរបស់ពលរដ្ឋយើង។
គួរបញ្ជាក់ថាបើយោងតាមសេចក្ដីប្រកាស រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងក៏ដូចជាដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព ការថែរក្សាអនាម័យ និងបរិស្ថាន ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរដ្ឋបាលរាជធានីភ្នំពញបានធ្វើការណែនាំដល់ ពលរដ្ឋនៅតាមលំនៅដ្ឋាន គ្រឹៈស្ថានរដ្ឋ និងឯកជន ត្រូវរៀបចំដាក់ទង់ជាតិ និងការតុបតែងកែលម្អនូវ ភ្លើងពណ៌ឲ្យបានស្អាត ដើម្បីចូលរួមអបអរសារទនៃព្រឹត្តិការណ៍កីឡាសុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទ៖លោក លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner