នាយករដ្ឋមន្រ្តីជប៉ុននឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនាចុងសប្តាហ៍នេះ

សេអ៊ូល៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងលោកជំទាវទី១ យូកូ គ្រោងនឹងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ក្រុមមន្ត្រីកូរ៉េខាងត្បូងបានលើកឡើងថា ការបំពេញទស្សនកិច្ចរបស់លោក គីស៊ីដា និងភរិយា នាចុងសប្តាហ៍នេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ណូដា យ៉ូស៊ីហ៊ីកូ បានទៅកាលពីឆ្នាំ២០១១។

ការប្រកាសខាងលើបានកើតមានឡើងបន្ទាប់ពីលោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានមុននេះថា គាត់មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ដំណើរទស្សនៈកិច្ចរបស់លោក គីស៊ីដា នឹងគូសបញ្ជាក់អំពីការបន្តទំនាក់ទំនងការទូតរវាងមេដឹកនាំប្រទេសទាំងពីរឡើងវិញ។

ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា បញ្ហាជាច្រើនកំពុងរង់ចាំជប៉ុន និងកូរ៉េខាងត្បូងដោះស្រាយ ប៉ុន្តែកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ចក្នុងពេលនេះមានសារៈសំខាន់បំផុត ជាពិសេសកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner