អ.ស.ប៖ មនុស្សជាង៨០ម៉ឺននាក់អាចនឹងបង្ខំចិត្តភៀសខ្លួនចេញពីជម្លោះនៅស៊ូដង់

ខាទុំ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានព្រមានថាមនុស្សជាង៨០០,០០០នាក់អាចនឹងបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសស៊ូដង់ ខណៈមានការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា។

មន្រ្តីមួយរូបមកពីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៃ បាននិយាយថា មនុស្សប្រមាណ៧៣,០០០នាក់បានភៀសខ្លួនរួចហើយទៅកាន់ប្រទេសចំនួន៧ ក្នុងនោះរួមមានប្រទេសជិតខាង ដូចជាឆាដ អេហ្ស៊ីប និងស៊ូដង់ខាងត្បូង។ មន្ត្រីរូបនេះបានបន្តថា ចំនួននេះអាចនឹងកើនឡើងដល់៨១៥,០០០នាក់ ប្រសិនបើជម្លោះប្រដាប់អាវុធមិនត្រូវបានដោះស្រាយភ្លាមៗនោះ។

ក្រសួងសុខាភិបាលស៊ូដង់បាននិយាយថា មនុស្សយ៉ាងហោចណាស់៥២៨នាក់ត្រូវបានសម្លាប់ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ភាគីក្នុងជម្លោះនៅស៊ូដង់ទាំងពីរបានប្រកាសថា ពួកគេបានយល់ព្រមបន្តបទឈប់បាញ់រយៈពេល ៧២ម៉ោងបន្ថែមទៀតចាប់ពីថ្ងៃចន្ទសប្តាហ៍នេះ។

ប៉ុន្តែរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយថា ស្នូរកាំភ្លើង និងការបាញ់ផ្លោងត្រូវបានគេលឺជាបន្តបន្ទាប់នៅក្នុង និងជុំវិញរដ្ឋធានីខាទុំ។ ទន្ទឹមគ្នា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការភៀសខ្លួនដ៏ច្រើននឹងធ្វើឱ្យវិបត្តិមនុស្សធម៌នៅស៊ូដង់ និងបណ្តាប្រទេសជិតខាងកាន់តែអាក្រក់ទៅៗ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner