ហ្វីលីពីនទទួលបានភ្ញៀវទេសចរបរទេសជាង១.៨លាននាក់ ចាប់តាំងពីដើមឆ្នាំ២០២៣

ម៉ានីល៖ រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន លោកស្រី ស្គ្រីសស្ទីណា ហ្គាសៀហ្វ្រាស់ស្កូ នៅថ្ងៃទី០៣ ខែឧសភា បានថ្លែងថា ប្រទេសហ្វីលីពីនបានទទួលភ្ញៀវទេសចរបរទេសច្រើនជាង១.៨លាននាក់ ចាប់តាំងពីខែមករា ឆ្នាំ២០២៣នេះ។

រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន លោកស្រី ស្គ្រីសស្ទីណា ហ្គាសៀ ហ្វ្រាស់ស្កូ បានប្រាប់វេទិកាមួយដែលធ្វើឡើងនៅប្រទេសហ្វីលីពីនថា យើងបានបំពេញគោលដៅកាលពីឆ្នាំមុន ដោយស្រូបទាញភ្ញៀវទេសចរចំនួន១.៧លាននាក់ក្នុងរយៈពេល៤ខែ និងថា ហ្វីលីពីនមានគោលបំណងក្លាយជាប្រទេសមហាអំណាចទេសចរណ៍នៅអាស៊ី។លោកស្រី ហ្វ្រាស់ស្កូ បាននិយាយយ៉ាងដូច្នេះថា យើងកំពុងចាប់ផ្តើមយុទ្ធសាស្ត្របី នោះគឺការតភ្ជាប់ទំនាក់ទំនង, ការផ្តល់ភាពងាយស្រួល និងសមភាព។

លោកស្រីថា ប្រទេសហ្វីលីពីនកំពុងធ្វើកំណែទម្រង់ ដើម្បីផ្តល់ទិដ្ឋាការសម្រាប់ភ្ញៀវទេសចរកាន់តែមានភាពងាយស្រួល ដូចជាការផ្តល់ទិដ្ឋាការអេឡិចត្រូនិក, ការបន្តផ្តល់ទិដ្ឋាការជាក្រុមឡើងវិញ និងការផ្តល់ទិដ្ឋាការនៅពេលមកដល់។ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់ ការរួមចំណែករបស់ឧស្សាហកម្មទេសចរណ៍ ចំពោះផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីន មានចំនួន១២.៧ភាគរយក្នុងឆ្នាំ២០១៩។

សូមបញ្ជាក់ថា ហ្វីលីពីនបានទទួលភ្ញៀវទេសចរបរទេសជាង២.៦៥លាននាក់ក្នុងឆ្នាំ២០២២ ចាប់តាំងពីប្រទេសនេះបានបន្ធូរបន្ថយការរឹតបន្តឹងលើអ្នកដំណើរបរទេស ដោយទទួលបានប្រាក់ចំណូលប្រហែល៣.៨២ពាន់លានដុល្លារ។ គោលដៅរបស់ប្រទេសហ្វីលីពីនសម្រាប់ឆ្នាំ២០២៣នេះ គឺទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ៤.៨លាននាក់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner