កម្ពុជាស្នើអូស្ត្រាលី ពិនិត្យទៅលើមន្ត្រីនគរបាលនារីចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសបន្ថែមទៀត
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានស្នើដល់មន្ត្រីជាន់ខ្ពស់នៃនគរបាលសហព័ន្ធអូសាស្ត្រលី ពិនិត្យទៅលើមន្ត្រីនគរបាលនារី ដែលពួកគាត់មានសក្តានុពល អាចចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពបន្ថែម។
ការស្នើនេះ ត្រូវបានលើកឡើងដោយលោកស្រី រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ ទៅដល់ លោក Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្ត្រាលី និងលោក Richard Moore ប្រធានក្រុមការងារវាយតម្លៃវឌ្ឍនភាពការងាររបស់គំរោងមេគង្គអូស្ត្រាលី ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានោះដែរ លោកស្រី រស់ ច័ន្ទសោភា បានលើកឡើងថា មន្ត្រីនគរបាលនារីដែលមានសក្តានុពល មិនត្រឹមតែការផ្តល់ការពង្រឹងលើកកម្ពស់សមត្ថភាពក្នុងការចូលរួមក្នុងសិក្ខាសាលា កិច្ចសន្ទនាប៉ុណ្ណោះទេ តែអាចផ្តល់ឱកាសចំពោះឱ្យមានឱកាសទៅទស្សនកិច្ចសិក្សា ឬទៅចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពពួកគាត់។
តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ លោក Anthony Maguire បាននថ្លែងអំណរគុណលោកស្រីរស់ ច័ន្ទសោភា ដែលបានលើកឡើងផ្តោតសំខាន់ទៅលើការចូលរួមរបស់ស្ត្រី ក្នុងវិស័យនគរបាល។

លោកក៏បានឱ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីចំនួនបីនាក់ហើយដែលជាស្ត្រី ហើយមេដឹកនាំជាស្ត្រីនេះ មានការចូលរួមចំណែកយ៉ាងខ្លាំងនៅគ្រប់ផ្នែកទាំងអស់ ក្នុងក្រសួង ពិសេសនគរបាលអូស្ត្រាលី និងនគរបាលជាតិកម្ពុជាដែលមានការផ្តោតសំខាន់លើបញ្ហាសមត្ថភាពរបស់ស្ត្រី។
បើតាមលោកស្រី រស់ ច័ន្ទសោភា ដោយមានកិច្ចសហការជាមួយលោក Anthony Maguire ឲ្យកើតមានកិច្ចសន្ទនាពីស្ត្រីក្នុងវិស័យនគរបាលនេះ គឺចំអ្វីដែលលោកស្រីរង់ចាំ និងចង់បាន ហើយតាមការស្ទាបស្ទង់ការវាយតម្លៃពីការចូលរួមនោះ បង្ហាញថា ៩៥ភាគរយ នៃនគរបាលជាស្រ្តីពេញចិត្តក្នុងការចូលរួម៕

ដោយ៖គឹម យុត្ថារ៉ូ